ប្រទេសសូម៉ាលី៖ តុលាការយោធាសូម៉ាលី នៅថ្ងៃព្រហស្បតិ៍ បានកាត់ទោសជនបរទេស ២នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ក្រោយពីរកឃើញថា មានកំហុសក្នុងការជ្រើសរើសជនបរទេសចូលក្រុមភេរវករអាល់ស្ហារបាប (al-Shabab) នៅក្នុងប្រទេស។
វិទ្យុនៅទីក្រុងម៉ុងហ្កាស្ហុបានចុះផ្សាយថា លោកហាសាន អាលី ណឺរ ស្ហូត ជា ប្រធានតុលាការយោធានៅក្នុងទីក្រុងម៉ុងហ្កាស្ហុបានសម្រេចថា លោកដារ៉េន អានថូនី បាយណេស (Darren Anthony Byrness) ជនជាតិអង់គ្លេស មានអាយុ ៤៤ឆ្នាំ និងលោក អាមេដ ម៉ូស្តាហ្គីម ប៊ីន អាប់ដុលហាម៊ីដ (Ahmed Mustaqim Bin Abdulhamid) ជនជាតិម៉ាឡេស៊ី មានអាយុ ៤៤ឆ្នាំ នឹងត្រូវជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។
តុលាការបានបញ្ជាក់ថា លោកបាយណេស ដែលបានទៅដល់ប្រទេសសូម៉ាលីនៅឆ្នាំ ២០១០ បានធ្វើការជាមួយមេដឹកនាំក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបមួយចំនួននៅក្នុង ប្រទេសសូម៉ាលីដើម្បីរៀបចំសកម្មភាពភេរវកម្មនៅក្នុងប្រទេស និងបានរៀបចំផែន ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសបារាំង។
លោក ស្ហូត បន្តថា តុលាការក៏បានរកឃើញថា លោកអាប់ដុលហាម៊ីដ ដែលបានចូល រួមក្នុងក្រុមភេរវករនៅឆ្នាំ២០០៩ ក៏មានជាប់ពាក់ព័ន្ធនៅក្នុងហេតុការណ៍បះបោនៅរដ្ឋ ហ្គាលហ្គាដូដ (Galgaduud) ដោយបានប្រឆាំងនឹងក្រុមអាឡូ សូណា វ៉ាលចាម៉ា (ASWJ) ដែលជាក្រុមអ៊ីស្លាមមធ្យម។
ជនបរទេសទាំងពីរនាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការ និងការប្រមូល ព័ត៌មានស៊ើបការណ៍សម្ងាត់សម្រាប់ក្រុមភេរវករបានបដិសេធថា មិនបានគាំទ្រក្រុម ភេរវករនៅក្នុងប្រទេសសូម៉ាលី។
ជាចុងក្រោយ លោកស្ហូតក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតផងដែរថា ជនបរទេសទាំង ២នាក់នោះ ដែលត្រូវបានចាប់ខ្លួនដោយកម្លាំងសន្តិសុខផាន់ឡេន (Puntland) នៅឆ្នាំ ២០១៩ នៅពេលព្យាយាមឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសយ៉េម៉ែន និងក្រោយមក ទៀតត្រូវបានបញ្ចូនទៅកាន់ទីក្រុងម៉ុងហ្កាស្ហុ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ពីបទភេរវកម្ម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១