គណៈកម្មការសហភាពអឺរ៉ុបបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបើកសវនាកាជំនុំជម្រះក្តីប្រឆាំងនឹងប្រទេសអូទ្រីស ប្រទេសហ្វាំងឡង់ ប្រទេសលុចសំបួ និងប្រទេសក្រូអាត ដោយសារតែការបរាជ័យក្នុងការអនុវត្តសេចក្តីណែនាំរបស់សហភាពអឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្ម។
ច្បាប់របស់សហភាពអឺរ៉ុបមានគោលបំណងដាក់ទោសព្រហ្មទណ្ឌ និងដាក់ទណ្ឌកម្មចំពោះបទល្មើសទាក់ទងនឹងភេរវកម្ម ដូចជាហិរញ្ញប្បទានភេរវកម្ម ឬការបណ្តុះបណ្តាលភេរវករ និងផ្តល់ជាការផ្គត់ផ្គង់សម្រាប់ជនរងគ្រោះពីអំពើភេរវកម្ម។
អ្នកប្រជាធិបតេយ្យសង្គមអូទ្រីសលោក Reinhold Einwallner បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាមានសារៈសំខាន់បំផុតដែលរដ្ឋមន្ត្រីមហាផ្ទៃលោក Karl Nehammer និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Alma Zadić ត្រូវពន្យល់ពីមូលហេតុដែលអាចបណ្តាលឱ្យរដ្ឋាភិបាលទទួលបរាជ័យបែបនេះ” ។
គាត់បានបន្ថែមទៀតថា “ប្រជាជនអូទ្រីសគួរតែទទួលបានការការពារខ្ពស់បំផុតពីអំពើភេរវកម្ម។ វាគឺជារឿងអាស្រូវមួយដែលប្រទេសអូទ្រីសបានបរាជ័យ ក្នុងការអនុវត្តសេចក្តីណែនាំរបស់សហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៧ មកម្លេះ។”
ប្រទេសអូទ្រីស ប្រទេសហ្វាំងឡង់ ប្រទេសក្រូអាត និងប្រទេសលុចសំបួ មានរយៈពេលពីរខែ ដើម្បីឆ្លើយតបទៅនឹងសេចកី្តសំអាងរបស់គណៈកម្មការ បើមិនដូច្នេះទេ គណៈកម្មការនឹងបញ្ជូនការវិនិច្ឆ័យមានហេតុផលសមស្រប ដែលជាសំណើផ្លូវការដើម្បីអនុវត្តតាមច្បាប់របស់សហភាពអឺរ៉ុប។
ប្រសិនបើបណ្តាប្រទេសខាងលើនៅបន្តបរាជ័យក្នុងការអនុវត្តសេចក្តីណែនាំរបស់សហភាពអឺរ៉ុប នោះគណៈកម្មការអាចនាំសំណុំរឿងនេះទៅតុលាការយុត្តិធម៌អឺរ៉ុប ហើយអាចស្នើសុំឱ្យតុលាការដាក់ទណ្ឌកម្មផងដែរ៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន EURACTIV ចុះផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១