ប្រទេសស៊ីរ៉ី៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងមាតុភូមិនិវត្តន៍ លោក ហ្វាយសាល់ មីគដេដ (Faysal Mikdad) បានពិភាក្សាជាមួយសមភាគីឥណ្ឌា លោក ស៊ុប្រា ម៉ានីម ជេស្ហានការ (Subrahmanyam Jaishankar) លើមធ្យោបាយអភិវឌ្ឍន៍ទំនាក់ ទំនងរវាងប្រទេសទាំង២ ក្នុងវិស័យផ្សេងៗជាច្រើន។
លោករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា បានបញ្ជាក់ពីឆន្ទៈរបស់ប្រទេសឥណ្ឌា ក្នុងការជំរុញ ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសស៊ីរ៉ី និងការផ្តល់ជំនួយតាមដែល អាចធ្វើទៅបានដល់ប្រទេសស៊ីរី ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាជនស៊ីរី។ លោក បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌា ក្នុងការគោរពដល់អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរ៉ី និងការគាំទ្ររបស់ប្រទេសឥណ្ឌា ដល់ប្រទេសស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្ម។
ចំណែកឯភាគីស៊ីរ៉ីវិញ លោករដ្ឋមន្រ្តី មីគដេដ បានសម្តែងនូវការដឹងគុណរបស់ប្រទេសស៊ីរ៉ី ចំពោះជំហររបស់ប្រទេសឥណ្ឌាក្នុងការគាំទ្រ និងផ្តល់ជំនួយដល់ប្រទេស ស៊ីរ៉ី ដោយលោកបានបញ្ជាក់ថា ប្រទេសស៊ីរីផ្តល់សារៈសំខាន់យ៉ាងខ្លាំងក្នុងការ អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសឥណ្ឌា។
គួរបញ្ជាក់ផងដែរថា លោករដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នា ចំពោះការវិវត្តមួយ ចំនួននៅលើឆាកអន្តរជាតិ និងនៅក្នុងតំបន់ និងពីតម្រូវការដើម្បីរក្សាការពិគ្រោះ យោបល់ និងការសម្របសម្រួលរវាងភាគីទាំងពីរផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១