មនុស្សជាច្រើនស្លាប់ក្នុងការវាយប្រហារដោយក្មាន់កាំភ្លើងនៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា

0

ប្រទេសនីហ្សេរីយ៉ា៖ មន្ត្រីរដ្ឋាភិបាលបាននិយាយនៅថ្ងៃចន្ទថា ក្មាន់កាំភ្លើងមិនស្គាល់ អត្តសញ្ញាណបានសម្លាប់ប្រជាពលរដ្ឋ ៣៤នាក់ និងបង្កឲ្យមនុស្ស ៧នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារមួយនៅរដ្ឋកាដូណា (Kaduna) ភាគពាយ័ព្យប្រទេស នីហ្សេរីយ៉ា។

លោកសាមអូល អារូវ៉ាន (Samuel Aruwan) ស្នងការទទួលបន្ទុកកិច្ចការសន្តិសុខ ផ្ទៃក្នុង និងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយមាន ខ្លឹមសារថា​ ភ្នាក់ងារសន្តិសុខបានរាយការណ៍ទៅកាន់រដ្ឋាភិបាលពីហេតុការណ៍សម្លាប់ ពលរដ្ឋ៣៤នាក់ក្រោយពីក្មាន់កាំភ្លើងបានវាយប្រហារលើភូមិម៉ាដាមៃ (Madamai) ក្នុង តំបន់គ្រប់គ្រងដោយរដ្ឋភិបាលកូរ៉ា (Kaura) នៅយប់ថ្ងៃអាទិត្យ។

លោក អារូវ៉ានបានបន្ថែមទៀតថា ចំណែកឯពលរដ្ឋ ៧នាក់ផ្សេងទៀត បានរងរបួស ហើយមានផ្ទះមួយចំនួនត្រូវភ្លើងឆេះក្នុងអំឡុងពេលវាយប្រហារនោះ។ កងទ័ពបាន ទៅដល់ទីតាំងកើតហេតុ និងបង្ខំឱ្យខ្មាន់កាំភ្លើងដកខ្លួនចេញ បន្ទាប់ពីមានការបាញ់គ្នា យ៉ាងខ្លាំងក្លា។ 

លោកអារូវ៉ានមានប្រសាសន៍ថា៖ “កងទ័ពបានពន្លត់ភ្លើងដែលឆេះផ្ទះចំនួន ៣ខ្នង និង បានសង្គ្រោះអ្នកស្រុក ៦នាក់ពីភ្លើងឆេះដ៏សន្ធោសន្ធៅ។ រដ្ឋាភិបាលបានចេញបញ្ជា ភ្លាមៗឲ្យស៊ើបអង្កេតលើការវាយប្រហារនេះ។” លោកបានបន្ថែមឲ្យដឹងថា ជនសង្ស័យ ២នាក់ត្រូវ បានឃាត់ខ្លួនហើយបច្ចុប្បន្នកំពុងត្រូវបានសាកសួរពាក់ព័ន្ធនឹងការវាយ ប្រហារនេះ។

សូមរំលឹកផងដែរថា​ នៅរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការវាយប្រហារដោយក្មាន់កាំភ្លើងជាបន្តបន្ទាប់នៅក្នុងប្រទេសនីហ្សេរីយ៉ា  ដែលជាមូលហេតុបណ្តាលឲ្យមានការ ស្លាប់ និងការចាប់ជំរិតជាច្រើន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here