ប្រទេសស៊ូដង់៖ ភ្នាក់ងាររបស់អង្គភាព GIS និយាយថា សមាជិក ៥នាក់ នៃអង្គភាព ស៊ើបការណ៍ទូទៅរបស់ប្រទេសស៊ូដង់ (GIS) ត្រូវបានសម្លាប់នៅថ្ងៃអង្គារ ក្នុងអំឡុង ពេលធ្វើប្រតិបត្តិការប្រឆាំងអំពើភេរវកម្មនៅរដ្ឋធានីខាតូម(Khartoum)។
ភ្នាក់ងារ GIS បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា បើយោង តាមព័ត៌មានស្តីពីវត្តមានរបស់ក្រុមភេរវករដែលជាសមាជិកនៅក្នុងក្រុមសម្មប្រយុទ្ធរដ្ឋ អ៊ីស្លាមអាយស៊ីសបានបង្ហាញឲ្យដឹងថា ប្រតិបត្តិការសន្តិសុខមួយត្រូវបានអនុវត្ត ដើម្បីចាប់ខ្លួនក្រុមភេរវករនៅក្នុងសង្កាត់ចាប្រា (Jabra) និងសង្កាត់អាល់អាហ្សារ៉ី (al-Azhari) ក្នុងរដ្ឋធានីខាតុម។
ជាលទ្ធផលនៃប្រតិបត្តិការនេះ នាំឲ្យមានការចាប់ខ្លួនភេរវករបរទេស ១១នាក់ ដែល មានសញ្ជាតិផ្សេងៗគ្នា។ នៅក្នុងអំឡុងពេលធ្វើប្រតិបត្តិការវាយឆ្មក់នៅក្នុងសង្កាត់ ចាប្រា ភ្នាក់ងារGISចំនួន ៥នាក់ ដែលមានមន្ត្រី ២នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៣នាក់ ត្រូវក្រុមភេរវករសម្លាប់ ខណៈដែលមន្ត្រី១នាក់ផ្សេងទៀតបានរងរបួសក្នុងការប្រយុទ្ធ គ្នាដោយកាំភ្លើង។
ចុងបញ្ចប់ ភ្នាក់ងារ GIS បានបញ្ជាក់ឲ្យដឹងផងដែរថា សមាជិកក្រុមភេរវករបរទេស ៤នាក់ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយប្រតិបត្តិការតាមប្រមាញ់ត្រូវបានធ្វើ ឡើងដើម្បីតាមចាប់ខ្លួនរបស់ពួកគេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២១