ប្រទេសនីហ្សរីយ៉ា៖អ្នកនាំពាក្យយោធាបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ក្រុមសកម្ម ប្រយុទ្ធបូកូហារ៉ាមសរុប ៨៥នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ ដោយកងទ័ពនីហ្សេរីយ៉ានៅតំបន់ភាគឥសាន នៃប្រទេសក្នុងរយៈពេលមួយខែ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងអាប៊ូចា(Abuja) អ្នកនាំពាក្យនៃទីបញ្ជាការ ការពារជាតិលោកបឺណឺតអនយីកូ(Bernard Onyeuko) បាននិយាយថា ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមសរុប ២៧៨៣នាក់ និងសមាជិកគ្រួសាររបស់ពួកគេបានចុះចាញ់ចំពោះកងទ័ព ក្រោយពីមានការបាញ់រះយ៉ាងខ្លាំងចេញពីកាំភ្លើងធំ និងមានការទម្លាក់គ្រាប់បែកតាមអាកាស នៅចន្លោះថ្ងៃទី២ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញានៅភាគឥសាននៃរដ្ឋប័រណូ (Borno)។
លោកអនយីកូបន្ថែមថា ជនសង្ស័យជាភេរវករ ៤៣នាក់ សហការីរបស់ពួកគេ និងអ្នក ផ្គត់ផ្គង់ភស្តុភារ ត្រូវបានចាប់ខ្លួននៅក្នុងអំឡុងពេលនោះ។ ចំណែកឯអាវុធ និងគ្រាប់រំសេវផ្សេងៗដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមក៏ត្រូវបានរឹបអូសផងដែរ។
បើយោងតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យបានឲ្យដឹងទៀតថា កងទ័ពនីហ្សេរីយ៉ាបានគាំទ្រដល់ប្រតិបត្តិការលើដី និងតាមអាកាស ដើម្បីប្រឆាំងនឹងក្រុមភេរវករ និងក្រុមឧក្រិដ្ឋជនផ្សេងៗទៀតនៅក្នុងប្រតិបត្តិការនោះ ដោយបានប្រឈមជាមួយនឹងក្រុមភេរវករជាច្រើននៅទីតាំងផ្សេងៗគ្នានៅក្នុងខែកញ្ញា។
គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម បានព្យាយាមបង្កើតរដ្ឋអ៊ីស្លាមនៅ ភាគឥសាននៃប្រទេសនីហ្សេរីយ៉ាចាប់តាំងពីឆ្នាំ២០០៩។ ក្រុមភេរវករថែមទាំងបាន បង្កើនការវាយប្រហាររបស់ខ្លួនផងដែរ ទៅកាន់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ឡេកឆាតបាស៊ីន(Lake Chad Basin)៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១