ប្រទេសតួកគី៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីមានប្រសាសន៍នៅថ្ងៃចន្ទថា សមាជិក ២នាក់ នៃកងកម្លាំងប្រតិបត្តិការពិសេសតួកគី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ពីគ្រាប់មីស៊ីលដោយអង្គភាពការពារប្រជាជនឃឺដស៊ីរី(YPG)ចេញពីទីក្រុងតែលរ៉ីហ្វាត (Tel Rifat) ភាគខាងជើងប្រទេសស៊ីរី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស៊ូឡីម៉េន សយលូ(Suleyman Soylu) បានផុសលើ បណ្តាញសង្គមទ្វីតធ័រមានខ្លឹមសារថា មន្ត្រីប៉ូលិសទាំងនោះកំពុងបំពេញភារកិច្ចនៅ ស្រុកម៉ារ៉េ នៃប្រតិបត្តិការអឺប្រាតស្ហែល(Euphrates Shield) របស់កម្លាំងតួកគី។
ភ្នាក់ងារព័ត៌មានអាណាដូលូ(Anadolu) ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មន្រ្តី ១នាក់ត្រូវបានសម្លាប់ ហើយ ៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ លើរថពាសដែករបស់ពួកគេនៅថ្ងៃអាទិត្យ។
ក្រោយមកទៀត អ្នករងរបួស ១នាក់ទៀតបានស្លាប់នៅក្នុងមន្ទីពេទ្យ ដោយសាររបួស ធ្ងន់ធ្ងរ។ យ៉ាងណាមិញ កម្លាំងតួកគីបានចាត់ទុកក្រុម YPG ជាសាខាក្នុងប្រទេសស៊ីរី នៃគណបក្សពលករឃឺដ (PKK)។
គួររំលឹកផងដែរថា កងទ័ពតួកគីបានបើកដំណើរការប្រតិបត្តិការអឺប្រាតស្ហែល (Euphrates Shield) នៅឆ្នាំ ២០១៦ ប្រតិបត្តិការអូលីវប្រេននៅឆ្នាំ២០១៨ (Olive Branch) ប្រតិបត្តិការភីសស្ព្រីង (Peace Spring) នៅឆ្នាំ២០១៩ និងប្រតិបត្តិការស្ព្រីង ស្ហែល(Spring Shield) នៅឆ្នាំ២០២០ នៅភាគខាងជើងប្រទេសស៊ីរីដើម្បីបង្កើតតំបន់ ដែលគ្មានក្រុម YPG នៅតាមបណ្តោយព្រំដែនរបស់ខ្លួន។
សូមបញ្ជាក់ថា គណបក្សពលករឃឺដ (PKK) ដែលត្រូវបានចុះក្នុងបញ្ចីជាអង្គភាព ភេរវករ ដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើសកម្ម ភាពបះបោរប្រឆាំងនឹងកម្លាំងរដ្ឋាភិបាលតួកគីអស់រយៈពេល ៣០ឆ្នាំមកហើយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ១២ ខែតុលា ឆ្នាំ២០២១