ប្រទេសសូម៉ាលី៖ មន្ត្រីប៉ូលិស និងសាក្សីបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥នាក់ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុងម៉ូហ្កាឌីស្យូប្រទេសសូម៉ាលី។
មន្ត្រីប៉ូលិសអនាមិកម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានដើរចូលទៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅជិតផ្លូវប្រសព្វហ្វាហ្គាស់(Fagah) និង បំផ្ទុះខ្លួនឯង បណ្តាលមនុស្ស ៥នាក់ស្លាប់ និងមួយចំនួនផ្សេងទៀតរងរបួស។
លោកមានប្រសាសន៍ថា៖ “យើងអាចបញ្ជាក់បានថា មនុស្ស ៥នាក់ស្លាប់ និងមនុស្ស ៦នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះនោះ។”
សាក្សីបានបន្ថែមឲ្យដឹងថា ពួកគេបានលឺសំឡេងផ្ទុះដ៏ខ្លាំងមួយនៅផ្លូវប្រសព្វក្នុងទីក្រុងម៉ូហ្កាឌីស្យូ។ លោកអាប់ឌីរ៉ាម៉េន ម៉ូហាមិដ (Abdirahman Mohamed) ដែលជាសាក្សីមានប្រសាសន៍ថា៖ “ហេតុការណ៍ផ្ទុះនេះមានទ្រង់ទ្រាយទំហំធំ ហើយខ្ញុំបានឃើញអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ”៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១