ប្រទេសតួកគី៖ភ្នាក់ងារព័ត៌មានអាណាដូលូ(Anadolu)ពាក់កណ្តាលផ្លូវការបានរាយការណ៍នៅថ្ងៃអង្គារថា កម្លាំងសន្តិសុខតួកគីបានឃុំខ្លួនជនសង្ស័យយ៉ាងហោចណាស់ ២២នាក់ ពីបទមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម(IS) ក្នុងប្រតិបត្តិការដំណាលគ្នា ជាច្រើននៅទូទាំងប្រទេស។
ប៉ូលិសតួកគីបានឃុំខ្លួនមនុស្ស ១១នាក់ ក្រោយពីក្រុមរដ្ឋអាជ្ញាក្រុងអង់ការ៉ាបានចេញ ដីកាចាប់ខ្លួន នៅទូទាំងខេត្តចំនួន៩ លើករណីជាប់ចោទពីបទផ្តល់សម្ភារៈ និងធន ធានមនុស្សដល់ក្រុមសកម្មប្រយុទ្ធ។
សម្ភារៈឌីជីថល ឯកសារអង្គការ និងកែវយឺតចំនួន៤ ត្រូវបានរឹបអូសនៅក្នុងប្រតិបត្តិការទាំងនោះ។ នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយផ្សេងទៀត ជនសង្ស័យជាក្រុម សកម្មប្រយុទ្ធអ៊ីស្លាមIS ចំនួន ៧នាក់ ដែលបានចាកចេញពីប្រទេសអ៊ីរ៉ាក់ចូលប្រទេស តួកគីដោយខុសច្បាប់ ត្រូវបានឃុំខ្លួននៅភាគខាងត្បូងខេត្តអាដាណា។
ចំណែកឯ ជនបរទេសសង្ស័យជាក្រុមសកម្មប្រយុទ្ធ IS ចំនួន ៤ នាក់ផ្សេងទៀត ត្រូវ បានឃុំខ្លួននៅកណ្តាលខេត្តកេសឺររ៉ី (Kayseri) ពីបទជាសមាជិកសកម្មនៃក្រុមសកម្ម ប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរ៉ី។
គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធ IS ត្រូវបានស្តីបន្ទោសចំពោះការវាយប្រហារដ៏ សាហាវនៅក្នុងប្រទេសតួកគីចាប់ពីឆ្នាំ២០១៥មក។ អង្គភាពប្រឆាំងអំពើរភេរវកម្មរបស់ ប្រទេសតួកគីបាន និងកំពុងធ្វើប្រតិបត្តិការជាច្រើនប្រឆាំងនឹងសមាជិកក្រុមសកម្ម ប្រយុទ្ធនៅក្នុងប្រទេស៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១