ស្នងការនគរបាលឥណ្ឌាបានបំផ្លាញផែនការភេរវកម្មដ៏ធំមួយ

0

ប្រទេសឥណ្ឌា៖មុនថ្ងៃប្រារព្ធពីធីបុណ្យជាតិ  កម្លាំងប៉ូលិសពិសេសរដ្ឋធានីញូវដែលី បានបំផ្លាញផែនការភេរវកម្មដ៏ធំមួយ ជាមួយនឹងការចាប់ខ្លួនរបស់ជនជាតិប៉ាគីស្ថាន ១នាក់ មកពីទីក្រុងឡាហ្សម៉ី ណាហ្កា(Laxmi Nagar) និងរឹបអូសបានកាំភ្លើងវែង AK-47 មួយដើមរបស់ភេរវករ។

បើយោងតាមការបញ្ជាក់ពីមន្រ្តីប៉ូលិសបានឲ្យដឹងថា ជនជាប់ចោទបានរស់នៅ ជាមួយនឹងអត្តសញ្ញាណក្លែងក្លាយរបស់ជនជាតិឥណ្ឌា និងមានអត្តសញ្ញាណ ប័ណ្ណឥណ្ឌាតាមរយៈឯកសារក្លែងបន្លំ។

ប្រតិបត្តិការពិសេស ត្រូវបានដឹកនាំដោយលោកស្នងការប៉ូលិសរ៉ាគីស អាថាណា (Rakesh Asthana)។ លោកអាថាណា មានប្រសាសន៍ថា៖ “ វាជាប្រតិបត្តិការចាប់ខ្លួនដ៏ល្អ មួយ ដោយក្រុមប្រតិបត្តិការពិសេសមុនថ្ងៃប្រារព្ធពីធីបុណ្យជាតិ។ ផែនការភេរវកម្មដ៏ធំមួយត្រូវបាន រារាំងដោយក្រុមការងាររបស់យើង”។​

ក្រៅពីកាំភ្លើងវែង AK-47 ជាមួយនឹងបង់កាំភ្លើង១ និងគ្រាប់ចំនួន ៦០គ្រាប់ ប៉ូលិស បានដកហូតគ្រាប់បែកដៃមួយគ្រាប់ និងកាំភ្លើងខ្លីទំនើប ២ដើម ដែលមានគ្រាប់ ៥០គ្រាប់។​

ជនជាប់ចោទ​ ត្រូវបានស្គាល់ថាជាលោកម៉ូដ អាស្រាហ្វ (Mohd Asraf) ត្រូវបានចាប់ ខ្លួនក្រោមបទប្បញ្ញត្តិពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់(ច្បាប់ការការពារ) ច្បាប់បំផ្ទុះ ច្បាប់អាវុធ និងបទប្បញ្ញត្តិផ្សេងទៀត។ គាត់គឺជាផ្នែកមួយដ៏ធំនៃសមាជិកក្រុមសកម្ម ប្រយុទ្ធបង្កប់ខ្លួន (Sleeper Cell)។

គួរបញ្ជាក់ផងដែរថា លោកអាស្រាហ្វ គឺជាអ្នកស្រុកណារូវ៉ាល(Narowal) ក្នុងខេត្ត ផុនចាប(Punjab)នៃប្រទេសប៉ាគីស្ថាន។ ការស្វែងរកត្រូវបានធ្វើឡើងនៅអាសយដ្ឋាន បច្ចុប្បន្នរបស់គាត់នៅឧទ្យានរ៉ាមេស(Ramesh Park) ក្រុងឡាហ្សម៉ីណាហ្កា នៃរដ្ឋ ធានីញូវដែលី។ លោកត្រូវបានចាប់ខ្លួន ដោយប៉ូលិស នៅម៉ោងប្រមាណជា ៩និង២០ នាទីយប់ នៅថ្ងៃចន្ទ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន ndtv ចុះផ្សាយថ្ងៃទិ១២ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here