ប្រទេសន័រវេស៖បើយោងតាមប្រភពមន្រ្តីអនុវត្តច្បាប់បានឲ្យដឹងថា បុរសជនជាតិដាណឺម៉ាក ដែលបានសម្លាប់មនុស្ស ៥នាក់ និងបង្ករបួសមនុស្ស ២នាក់ក្នុងហេតុ ការណ៍វាយប្រហារ ដោយធ្នូ និងព្រួញ ក្នុងទីក្រុងកុងបឺក (Kongsberg) ប្រទេសន័រវេស នៅថ្ងៃពុធ គឺជាអ្នកកាន់សាសនាអ៊ីស្លាមជ្រុលនិយម និងត្រូវបានប៉ូលិសស្គាល់។
ក្នុងការថ្លែងនៅថ្ងៃព្រហស្បតិ៍ ប្រធានប៉ូលិសប្រចាំតំបន់ លោកអូឡេ ប្រេដរ៉ាប់ សេវើរ៉ូដ(Ole Bredrup Saeverud) មានប្រសាសន៍ថា បុរសជនជាតិ ដាណឺម៉ាកអាយុ ៣៧ឆ្នាំ ដែលត្រូវបានឃុំខ្លួនក្រោយពីធ្វើការវាយប្រហារដោយធ្នូ និងព្រួញ ក្នុងទីក្រុងកុងបឺក (Kongsberg) នៅថ្ងៃពុធ ត្រូវបានប៉ូលិសស្គាល់។
លោកសេវើរ៉ូដប្រាប់បណ្តាញសន្និសីទសារព័ត៌មានថា ជនសង្ស័យគឺជាអ្នកកាន់ សាសនាអ៊ីស្លាមជ្រុលនិយម ហើយប៉ូលិសស៊ើបអង្កេតបានកំណត់សញ្ញាណជាច្រើន នៃភាពជ្រុលនិយម។ សញ្ញាណនៃភាពជ្រុលនិយមរបស់គាត់ ត្រូវបានគេដឹងថា ជាកង្វល់មួយមុនការវាយប្រហារ។ អ្នកកាន់សាសនាអ៊ីស្លាមជ្រុលនិយម ដែលគេជឿថាបានធ្វើសកម្មភាពវាយប្រហារតែឯង ត្រូវបានចាប់ខ្លួនក្នុងការពាក់ព័ន្ធជាមួយការ សម្លាប់មនុស្ស ៥នាក់ ដោយក្នុងនោះមានអ្នកស្រុក ២នាក់ផ្សេងទៀត រួមទាំងមន្រ្តីក្រៅភារកិច្ច ១នាក់បានរងរបួស។
មេធាវីប៉ូលិស លោកអាន អ៊ីរ៉េន ស្វាន ម៉ាតអៃសិន(Ann Irén Svane Mathiassen) បាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បុរសវ័យ ៣៧ឆ្នាំរូបនេះត្រូវបានប៉ូលិសស្គាល់ទាក់ ទិននឹងបញ្ហាផ្សេងៗជាច្រើន ហើយក៏មានជាប់ទាក់ទងជាមួយនឹងការទទួលសេវាកម្ម សុខភាពជាច្រើនដងផងដែរ។
លោកលោកសេវើរ៉ូដបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ជនសង្ស័យបានសហការជាមួយ សមត្ថកិច្ច ប៉ុន្តែមិនអាចប្រាប់ពីអ្វីដែលបានពិភាក្សាគ្នានោះបានទេ។
ក្រោយពីមានហេតុការណ៍វាយប្រហារនៅល្ងាចថ្ងៃពុធ ប៉ូលិសបាននិយាយថា ពួកគេ នឹងធ្វើការស៊ើបអង្កេតថាតើឧបទ្ទវហេតុនេះមានជាប់ពាក់ព័ន្ធនឹងអំពើរភេរវកម្ម ឬយ៉ាងណា។
គួរបញ្ជាក់ផងដែរថា ជនជាតិដាណឺម៉ាករូបនោះ បានវាយឆ្មក់នៅជុំវិញទីក្រុងកុងបឺក ដែលជាទីក្រុងរ៉ែមួយស្ថិតនៅភាគនិរតីនៃទីក្រុងអូស្លូ និងមានប្រជាជនប្រមាណជា២៦ ០០០នាក់។ បើយោងតាមប្រភពព័ត៌មានក្នុងតំបន់បានបញ្ជាក់បន្ថែមថា ការវាយ ប្រហារនោះបានចាប់ផ្តើមនៅក្នុងផ្សារទំនើបមួយ។ លោកសេវើរ៉ូដ មានប្រសាសន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ជនរងគ្រោះទាំងអស់មានអាយុចន្លោះពី ៥០ទៅ ៧០ឆ្នាំ។
នៅថ្ងៃព្រហស្បតិ៍ដដែល មន្រ្តីប៉ូលិសទីក្រុងអូស្លូបានផុសលើបណ្តាញសង្គមទ្វីតធ័រ មានខ្លឹមសារថា មានបុរសម្នាក់បានកាន់ធ្នូ និងព្រួញក្នុងតំបន់ហ៊ូសេប៊ី នៅភាគពាយព្យ នៃរដ្ឋធានី។ នៅពេលនោះពុំទាន់មានការគំរាមកំហែងទេ ហើយប៉ូលិសក៏មិនបានទទួលព័ត៌មានថា មាននរណាម្នាក់រងរបួសនោះដែរ។ នៅក្នុងការផ្លាស់ប្តូរពីនិតិវិធីការពារធម្មតា មន្រ្តីប៉ូលិសទាំងអស់ចាប់ពីថ្ងៃព្រហស្បតិ៍នោះមកនឹងកាន់អាវុធ ដែលជាកិច្ចការពារបន្ថែម។ មន្ត្រីនាយកដ្ឋានអនុវត្តច្បាប់បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា៖ “ប៉ូលិសមិនទាន់អាចចង្អុលបង្ហាញបានទេរហូតមកដល់ពេលនេះថាមានការផ្លាស់ប្តូរកម្រិតនៃការគំរាមកំហែងជាតិ”៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១