ប្រទេសអ៊ីរ៉ង់៖ទូរទស្សន៍រដ្ឋបានចុះផ្សាយនៅថ្ងៃចន្ទថា មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់លោកម៉ូហាមេដ ហូសៀន បាកឺរ៉ី (Mohammad Hossein Baqeri) មានប្រសាសន៍ថា ប្រទេសរបស់លោកបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសរុស្ស៊ី។
លោកបាកឺរ៉ី ដែលបានទៅដល់ទីក្រុងម៉ស្គូសម្រាប់ទស្សនកិច្ចផ្លូវការមានប្រសាសន៍ថា រដ្ឋ
បាលថ្មីរបស់ប្រទេសអ៊ីរ៉ង់បានយកចិត្តទុកដាក់ជាពិសេសចំពោះតំបន់បូព៌ា។ អ្នកយកព័ត៌មាន បានដកស្រង់ប្រសាសនន៍របស់លោកដោយមានខ្លឹមសារថា៖ “យើងមានកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានធ្វើឱ្យប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។
លោកបានបន្ថែមឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេស
រុស្ស៊ីស្តីពីការទិញអាវុធ ក្រោយពីមានការបញ្ចប់ការដាក់ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិអស់រយៈពេលមួយទសវត្សរ៍លើទីក្រុងតេហេរ៉ង់ ដែលនឹងត្រូវលើកយកមកពិភាក្សានៅក្នុងដំណើរទស្សនកិច្ចនោះ។
គួរបញ្ជាក់ផងដែរថា លោកបាកឺរ៉ីបានធ្វើដំណើរទស្សនកិច្ចទៅប្រទេសរុស្ស៊ី ក្រោយពីលោក ទើបតែបានធ្វើដំណើរទស្សនកិច្ចថ្មីៗទៅកាន់ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលមន្រ្តីយោធានៃប្រទេសទាំងពីរបានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ និងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១