ប្រទេសនីហ្សេរីយ៉ា៖ មនុស្សយ៉ាងហោចណាស់៣០នាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើង វាយហារក្នុងទីក្រុងកាលពីយប់ថ្ងៃអាទិត្យនៅភាគពាយព្យនៃរដ្ឋសូកូតូ (Sokoto) ប្រទេសនីហ្សេរីយ៉ា។
លោកអាមីនូ វ៉ាហ្ស៊ីរ៉ី ថាមបូវ៉ាល(Aminu Waziri Tambuwal) អភិបាលក្រុងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទមានខ្លឹមសារថា ក្រុមចោរប្លន់មួយក្រុមបានវាយប្រហារនៅយប់ថ្ងៃអាទិត្យក្នុងទីក្រុងហ្គូរូនយ៉ូ (Goronyo) ដែលជាបញ្ជាការទ័ពនៃតំបន់មូលដ្ឋានរដ្ឋាភិបាលហ្គូរូនយ៉ូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣០នាក់។
លោកថាមបូវ៉ាលមានប្រសាសន៍ថា៖ “ចាប់តាំងពីយប់មិញរហូតមកដល់ព្រឹកនេះ យើងរងការវាយប្រហារយ៉ាងសាហាវនៅក្នុងតំបន់មូលដ្ឋានរដ្ឋាភិបាលហ្គូរូនយ៉ូ ជាពិសេសទីប្រជុំជនហ្គូរូនយ៉ូ ជាកន្លែងដែលមានមនុស្សជាច្រើននាក់បានបាត់បង់ជីវិត ហើយនឹងនៅតែបន្តបាត់បង់ជីវិត។ យើងមិនទាន់ប្រាកដទាំងស្រុងនោះទេ ប៉ុន្តែចំនួនប្រហាក់ប្រហែលគឺ៣០នាក់”។
លោកបានបន្ថែមថា៖ “យើងប្រឈមនឹងបញ្ហាសន្តិសុខជាច្រើននៅក្នុងតំបន់របស់យើងផ្ទាល់នៅទីនេះ ជាពិសេសបញ្ហាចោរប្លន់ ការចាប់ជំរិត និងបទឧក្រិដ្ឋកម្មពាក់ព័ន្ធផ្សេងៗទៀត។”
លោកអភិបាលបានអំពាវនាវឱ្យមានវត្តមានកងកម្លាំងសន្តិសុខបន្ថែមទៀតនៅក្នុងរដ្ឋ និងពង្រាយកម្លាំងបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ។ សម្តីសាក្សីម្នាក់ដែលបានដកស្រង់ដោយសារព័ត៌មានក្នុងស្រុកដឹ ព្រីមៀម ថាមស៍ (The Premium Times) បានឲ្យដឹងថា ក្រុមចោរប្លន់ប្រមាណជា១៥០ទៅ២០០នាក់ជិះម៉ូតូឆ្លងកាត់ព្រៃក្បែរនោះទៅកាន់ផ្សារដ៏ពេញនិយមមួយក្នុងទីក្រុងហ្គូរូនយ៉ូកាលពីយប់ថ្ងៃអាទិត្យ។ សាក្សីនិយាយថា៖
“ក្រុមចោរបានចូលទៅក្នុងផ្សារ ហើយបានចាប់ផ្តើមបាញ់កាំភ្លើងជាបន្តបន្ទាប់។ ពួកគេមិនបានកំណត់រើសមនុស្សក្នុងការបាញ់នោះទេ។ ពួកគេគឺមកដើម្បីបាញ់សម្លាប់។”
គួរបញ្ជាក់ផងដែរថា មានហេតុការណ៍វាយប្រហារដោយខ្មាន់កាំភ្លើងជាបន្តបន្ទាប់ក្នុងប្រទេសនីហ្សេរីយ៉ាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងមានការចាប់ជំរិតជាច្រើនករណី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១