មនុស្ស ៤នាក់ក្នុងនោះមានប៉ូលិស ២នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ លោកអធិការនគរបាលស្រុកមានប្រសាសន៍ថា មនុស្ស ៤នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកកំណត់គោលដៅលើមន្ត្រីអនុវត្តច្បាប់នៅស្រុកបាជួរ ភាគ​ពាយ័ព្យខេត្តខាយបាផាកថុនវ៉ា ប្រទេសប៉ាគីស្ថាននៅយប់ថ្ងៃពុធ។

មន្ត្រីប៉ូលិសស្រុកលោកអាប់ឌុល សាម៉ាដ ខាន (Abdul Samad Khan) បានប្រាប់អ្នក សារព័ត៌មានថា អ្នកស្លាប់មានប៉ូលិស ២នាក់ និងមន្ត្រីយោធា ២នាក់ មកពីក្រុមកម្លាំងហ្វ្រាន់ ក្រប(FC) ដែលជាអ្នកស៊ើបអង្កេតលើហេតុការណ៍ផ្ទុះមួយទៀតកើតឡើងនៅពេលរសៀលក្នុងតំបន់នោះ។

លោកមានប្រសាសន៍ថា៖ “ហេតុការណ៍ផ្ទុះនៅពេលរសៀល មានមនុស្សចាស់មួយចំនួនមកពីតំបន់នោះបានរងរបួស នៅពេលដែលរថយន្តរបស់ពួកគេត្រូវបានវាយប្រហារនៅជិតព្រំដែនប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន។ នៅពេលដែលប៉ូលិស និងក្រុមហ្វ្រាន់ក្រប បានទៅដល់ទីតាំងនោះដើម្បីធ្វើការស៊ើបអង្កេត ហេតុការណ៍ផ្ទុះលើកទី២ និងជាហេតុការណ៍ផ្ទុះធំបានកើតឡើងបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

លោកបន្ថែមទៀតថា ហេតុការណ៍ផ្ទុះទាំង២លើកកើតឡើងដោយឧបករណ៍បំផ្ទុះកែច្នៃ និងលាក់នៅក្នុងស្មៅក្បែរផ្លូវ។ លោកសាម៉ាដខានមានប្រសាសន៍ថា៖ “ការស៊ើបអង្កេតរួមគ្នា និងប្រតិបត្តិការស្រាវជ្រាវដោយប៉ូលិស និងក្រុមកម្លាំងហ្វ្រាន់ក្រប(FC) កំពុងដំណើរការក្នុងតំបន់នោះ។”

ពុំមានក្រុមណាមួយឬបុគ្គលណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ធ្លាប់តែជាថ្នាលរបស់ពួកសកម្មប្រយុទ្ធ ស្រុកកុលសម្ព័ន្ធរួមទាំងស្រុកបាហ្សាវ ចាប់ផ្តើមមើលឃើញសន្តិភាព បន្ទាប់ពីមានប្រតិបត្តិការដ៏ទូលំទូលាយរបស់យោធាប៉ាគីស្ថាន  ដើម្បីបណ្តេញក្រុមសកម្មប្រយុទ្ធ និងបំបាត់ជម្រករបស់ពួកគេពីតំបន់នោះ។

ស្ថានភាពបានវិលត្រលប់មកប្រក្រតីវិញ ហើយសកម្មភាពជីវិតធម្មតាមានដំណើរ ការឡើងវិញ ប៉ុន្តែការវាយប្រហារជាញឹកញាប់លើអ្នកអនុវត្តច្បាប់ កើតឡើងនៅពេលណាដែលក្រុមសកម្មប្រយុទ្ធមានឱកាសវាយឆ្មក់លើមន្ត្រីសន្តិសុខ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here