ប្រទេសអ៊ីរ៉ាក់៖ មន្ត្រីនគរបាលខេត្តបានប្រាប់ឲ្យដឹងថា ជនស៊ីវិល ១០នាក់ត្រូវបានសម្លាប់ និង ១២នាក់ រងរបួសនៅថ្ងៃអង្គារក្នុងហេតុការណ៍វាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅខេត្តឌីយ៉ាឡាភាគខាងកើតប្រទេសអ៊ីរ៉ាក់។
លោក អាឡា អាល់សាឌី មន្ត្រីនគរបាលខេត្តបានប្រាប់ភ្នាក់ងារសារព័ត៌មានថា “របាយការណ៍ ចុងក្រោយបង្ហាញថាមនុស្ស ១០នាក់ត្រូវបានសម្លាប់ និង១២នាក់រងរបួស ក្នុងការវាយប្រហារ នៅក្នុងភូមិអាល់ រាស្ហេដ។”
របាយការណ៍មុននេះ លោក អាឡា អាល់សាឌី មានប្រសាសន៍ថា ការវាយប្រហារ កើតឡើងនៅពេលល្ងាច នៅពេលដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS បើកការបាញ់ប្រហារដោយប្រើកាំភ្លើងវែងទៅលើជនស៊ីវិលនៅក្នុងភូមិអាល់ រាស្ហេដ ដែលមានចម្ងាយប្រមាណជា ១១០គីឡូម៉ែត្រ ពីភាគឦសានទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់។ កម្លាំងសន្តិសុខប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ និងចាប់ផ្តើមយុទ្ធនាការស្វែងរកអ្នកវាយប្រហារនៅតំបន់នោះ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS បង្កើនការវាយប្រហាររបស់ពួកគេទៅលើកម្លាំងសន្តិសុខអ៊ីរ៉ាក់នៅក្នុងខេត្តដែលពួកគេធ្លាប់គ្របគ្រងដែលបង្កឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីកងកម្លាំងអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ក្នុងឆ្នាំ ២០១៧។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ដែលនៅសេសសល់ បានលាក់ខ្លួននៅក្នុងទីក្រុងវាលខ្សាច់ និងតំបន់ទំនាបផ្សេងទៀត ដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១