ប្រទេសប៉ាគីស្ថាន៖ប៉ូលិសក្នុងតំបន់លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារមានខ្លឹមសារថា ក្រុមភេរវករ ៤នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចជាមួយប៉ូលិសនៅខេត្តផាកថុនវ៉ាភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
ក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា នាយកដ្ឋានប្រឆាំងភេរវកម្មរបស់ប៉ូលិសបានធ្វើ ប្រតិបត្តិការនៅក្នុងស្រុកហានគូ ផ្អែកលើព័ត៌មានស៊ើបការណ៍ជំនួយទាក់ទងនឹងវត្តមានគោល ដៅសំខាន់មួយចំនួននៅក្នុងប្រតិបត្តិការនោះ។
ក្នុងអំឡុងពេលធ្វើប្រតិបត្តិការមានការបាញ់តបតគ្នា ដោយក្រុមភេរវករ ៤នាក់ត្រូវបានសម្លាប់ខណៈភេរវករ ០៤នាក់ផ្សេងទៀតបានរត់គេចខ្លួនដោយឆ្លៀតឱកាសពីមេឃងងឹត។
ប៉ូលិសបានរឹបអូសអាវុធ និងរំសេវ ពីកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ និងចាប់ផ្តើមប្រតិបត្តិការស្វែងរកភេរវករដែលកំពុងរត់គេចខ្លួន។
ក្នុងសេចក្តីថ្លែងការដដែលក៏មានបញ្ជាក់បន្ថែមផងដែរថា ក្រុមភេរវករ ដែលត្រូវបានសម្លាប់ មានជាប់ពាក់ព័ន្ធនឹងការរៀបផែនការ និងការធ្វើប្រតិបត្តិការវាយប្រហារលើក្រុមការងារបំបាត់ជំងឺស្វិតដៃជើង ចាប់ជំរិតដើម្បីលោះ បង្កឧក្រិដ្ឋកម្មតាមផ្លូវ ហើយក្រុមភេរវករថែមទាំងបាន វាយប្រហារលើប៉ូលិស និងជនស៊ីវិលជាច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១