ប្រទេសអាហ្វហ្គានីស្ថាន៖ភ្នាក់ងារស៊ើបការណ៍សម្ងាត់នៅភាគខាងកើតខេត្តណានហ្គាហារ បានប្រាប់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ២៥នាក់ ដែលមានពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISបានដាក់អាវុធ និងសុំចុះចាញ់អាជ្ញាធរក្នុងទីក្រុងចាឡាឡាបាដនៅថ្ងៃសៅរ៍។
លោកម៉ូហាម៉ាដ បាស្ហៀរ មានប្រសាសន៍ថា អតីតក្រុមសកម្មប្រយុទ្ធធ្លាប់ធ្វើសកម្មភាព យ៉ាងសកម្មនៅក្នុងស្រុកស្ពីនហារ ស្រុកប៉ាជីរ៉ាហ្គាម និងស្រុកបាទីគត់ ហើយកម្លាំង សន្តិសុខបានព្យាយាមធ្វើឱ្យស្ថានការណ៍នៅខេត្តណានហ្គាហារ និងតំបន់ជុំវិញមានស្ថេរភាពបន្ថែមទៀត។
អតីតសមាជិកក្រុមសកម្មប្រយុទ្ធលោកហ្សៀវឌីនបានអំពាវនាវដល់ក្រុមបះបោរទាំងអស់ឲ្យបោះបង់ការប្រយុទ្ធ និងគាំទ្រសន្តិភាព និងសន្តិសុខនៅប្រទេសអាហ្វហ្គានីស្ថានក្នុងសុន្ទរកថារបស់លោកនៅក្នុងពិធីចុះចាញ់។
នេះជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ទីពីរហើយ ដែលបានសុំចុះចាញ់នឹងអាជ្ញាធរក្នុងខេត្តណាន ហ្គាហារ។ នៅថ្ងៃសុក្រសប្តាហ៍មុន មានសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ចំនួន ៥៥នាក់បានសុំចុះចាញ់អាជ្ញាធរនៅក្នុងស្រុកចាឡាឡាបាដ។
គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS រឹងរូស ដែលបានធ្វើសកម្មភាពនៅផ្នែកខ្លះនៃខេត្ត ណានហ្គាហារ ជាមួយនឹងស្រុកចាឡាឡាបាដ ដែលមានចម្ងាយ ១២០គីឡូម៉ែត្រ មិនទាន់ធ្វើការអត្ថាធិប្បាយអំពីស្ថានការណ៍បន្តនោះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១