ប្រទេសយេម៉ែន៖ប្រភពព័ត៌មានពីបុគ្គលិកពេទ្យបានប្រាប់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធហ៊ូធី បានប្រមូលសាកសពសមាជិករបស់ពួកគេចំនួន ១៧៨នាក់ចេញពីខេត្តម៉ារ៉ីប និងបានបញ្ចូន សាកសពទាំងនោះទៅបញ្ចុះនៅខេត្តដាម៉ានៅថ្ងៃពុធ។
បុគ្គលិកពេទ្យម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា៖ “ក្រុមសកម្មប្រយុទ្ធទាំងនោះ ត្រូវបាន សម្លាប់នៅរយៈពេល ២៤ម៉ោងចុងក្រោយ នៅពេលដែលពួកគេបានប្រយុទ្ធជាមួយទាហានរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយការវាយប្រហារតាមអាកាសរបស់កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅក្នុងស្រុកអាល់ ចូរបាស់។”
តាមធម្មតា ក្រុមសកម្មប្រយុទ្ធហ៊ូធីមិនបង្ហាញពីការស្លាប់ និងរបួសរបស់ពួកគេនោះទេ។
នៅខែមុន ក្រុមសកម្មប្រយុទ្ធហ៊ូធី បានវាយលុកចូលដល់ស្រុកអាល់ចូរបាស់ នៅភាគខាង ត្បូងខេត្តម៉ារ៉ីប ក្រោយមកទាហានរដ្ឋាភិបាលបានដកថយ ហើយបានឈរជើងនៅលើភ្នំជុំវិញស្រុកនោះ និងជុំវិញខេត្តម៉ារ៉ីប និងជុំវិញតំបន់ប្រេងដែលមានសុវត្ថិភាព។
ក្រុមសកម្មប្រយុទ្ធហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ក៏ធ្លាប់បានបើកការវាយប្រហារនៅខែកុម្ភៈ ក្នុងខេត្ត
ម៉ារ៉ីប នៅក្នុងការប៉ុនប៉ងដណ្តើមគ្រប់គ្រងខេត្តសម្បូរប្រេង ដែលជាបន្ទាយភាគខាងជើងចុងក្រោយរបស់រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១