ប្រទេសូម៉ាលី៖ ប៉ូលិស និងសាក្សីបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល០២នាក់ ត្រូវបានសម្លាប់ និង០៣នាក់ រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរាជធានីម៉ុងហ្គាឌីស្យូ ប្រទេសសូម៉ាលីនៅថ្ងៃព្រហ្បតិ៍។
មន្រ្តីប៉ូលិសសូម៉ាលីបាននិយាយថា រថយន្តផ្ទុកដោយគ្រឿងផ្ទុះបានផ្ទុះនៅជិតក្បួនរថយន្តរបស់កងទ័ពរក្សាសន្តិភាពសហភាពអាហ្វ្រិក នៅក្នុងតំបន់ចំណុចប្រសព្វបេនណាដៀរក្នុងរាជធានីម៉ុងហ្គាឌីស្យូ។
មន្រ្តីប៉ូលិសអនាមិកម្នាក់បានបញ្ជាក់ឲ្យដឹងថា៖ “ជនស៊ីវិល០២នាក់ត្រូវបានសម្លាប់ និង០៣នាក់រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅតំបន់ចំណុចប្រសព្វបេនណាដៀរក្នុងរាជធានីម៉ុងហ្គាឌីស្យូ។”
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារក្នុងរដ្ឋធានីនៅឡើយទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ដែលបានប្រយុទ្ធដើម្បីផ្តួលរំលំរដ្ឋាភិបាលសូម៉ាលីជាធម្មតាធ្លាប់បានធ្វើការវាយប្រហារបែបនេះពីមុនមក។
យ៉ាងណាមិញ កងទ័ពជាតិសូម៉ាលីបានប្រាប់ឲ្យដឹងថា កម្លាំងរបស់ពួកគេដណ្តើមបានការ ការគ្រប់គ្រងតំបន់មួយចំនួនពីក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ក្រោយពីបានធ្វើប្រតិបត្តិការក្នុងតំបន់ភាគខាងត្បូងនៅថ្ងៃព្រហស្បតិ៍។
កងទ័ពជាតិសូម៉ាលីបានបញ្ចាក់ឲ្យដឹងបន្ថែមថា កម្លាំងរបស់ពួកគេបានធ្វើឲ្យក្រុមសកម្ម ប្រយុទ្ធរងរបួសក្នុងប្រតិបត្តិការនៅភូមិមួយចំនួននៅភាគខាងលិចនៃតំបន់គីសម៉ាយូ។
សូមរំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធបានបង្កើនការវាយប្រហារកាន់តែខ្លាំង បើទោះបីជា កម្លាំងរដ្ឋាភិបាលបានធ្វើប្រតិបត្តិការជាច្រើនប្រឆាំងនឹងក្រុមជ្រុលនិយមនៅតំបន់កណ្តាល និងភាគខាងត្បូងនៅរយៈពេលប៉ុន្មានខែថ្មីៗនេះក្នុងគោលបំណងបំបាត់សមាជិកក្រុមសកម្ម ប្រយុទ្ធអាល់ស្ហារបាប៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានXinhua ចុះផ្សយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១