យ៉ាងហោចណាស់មនុស្ស៨នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែករថយន្តនៅរដ្ឋធានីសូម៉ាលី

0

ប្រទេសសូម៉ាលី៖ប៉ូលិសប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨នាក់ ត្រូវបានគេបញ្ជាក់ឲ្យដឹងថា ស្លាប់​ និង១៧នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែករថយន្តនៅព្រឹកថ្ងៃសុក្រ។

ប៉ូលិសនៅកន្លែងកើតហេតុប្រាប់ភ្នាក់ងារសារព័ត៌មានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ក្រោយពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានកំណត់គោលដៅលើក្បួន​​សន្តិសុខអមបុគ្គលិក​បរទេស​នៅ​ជិត​សាលារៀន​ក្នុង​ស្រុក​មួយនៅ​ស្រុកហូដានក្នុង​ទីក្រុងម៉ុងហ្គាឌីស្យុ។

ប៉ូលិសអនាមិកបញ្ជាក់តាមទូរស័ព្ទឲ្យដឹងថា៖ “យ៉ាងហោចណាស់មនុស្ស ៨នាក់ត្រូវបានសម្លាប់ និង១៧នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះនោះ។ ហេតុការណ៍ផ្ទុះបានកើតឡើងនៅមុខសាលារៀន ម៉ូអាសៀរ ហើយក្មេងមួយចំនួនក៏បានរងរបួសផងដែរ”។

ប៉ូលិសនិយាយថា គោលដៅនៃការវាយប្រហារគឺសំដៅលើក្បួនរបស់កម្លាំងសន្តិសុខ ដែលការពារបុគ្គលិកអង្គការសហប្រជាជាតិ​ ដែលគេបញ្ជាក់ឲ្យដឹងបន្ថែមថា ក្បួននោះបានធ្វើដំណើរចេញពីជំរុំហ្វឹកហាត់ហ្គ័រដុនទៅមូលដ្ឋានហាលែន។

ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុង
ទីក្រុង។

កងទ័ពជាតិសូម៉ាលីគាំទ្រដោយក្រុមបេសកកម្មសហភាពអាហ្វ្រិកនៅប្រទេសសូម៉ាលី ធ្លាប់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបចេញពី​ទីក្រុងម៉ុងហ្គាឌីស្យុនៅឆ្នាំ២០២១ ប៉ុន្តែក្រុម ភេរវករនៅតែបន្តធ្វើការវាយប្រហារកំណត់គោលដៅលើតំបន់រាជរដ្ឋាភិបាល សណ្ឋាគារ ភោជនីយដ្ឋាន និងទីកន្លែងសាធារណៈផ្សេងៗជាច្រើនទៀត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here