អ៊ីស្រាអែលវាយប្រហារកំណត់គោលដៅលើផែស៊ីរី

0

កំពង់ផែមួយនៅក្បែរទីក្រុងឡាតាគាក្នុងប្រទេសស៊ីរី ត្រូវបានកំណត់គោលដៅវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ដោយមានទាំងរូបភាពនៅកន្លែង​កើតហេតុ​ដែល​បង្ហាញ​ពីស្ថានភាព​ភ្លើងឆាបឆេះ​ដ៏​ធំ​មួយ​​នៅ​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ។

គ្រាប់បែក​ជាច្រើនគ្រាប់បាន​ធ្លាក់​លើ​កំពង់ផែ​សំខាន់​របស់​ប្រទេសស៊ីរីនៅក្នុងទីក្រុងឡាតាគា នៅព្រឹកព្រលឹមថ្ងៃអង្គារ។  បើយោងតាមការបញ្ជាក់បន្ថែមពីភ្នាក់ងារសារព័ត៌មានសាណា បានឲ្យដឹងថា សំឡេង​ផ្ទុះ​លាន់ឮនៅ​ជុំវិញតំបន់​កំពង់ផែដែលគេចាត់ទុក​ការ​វាយ​ប្រហារ​នេះ​ជាការ​ឈ្លានពាន​តាម​អាកាស​របស់​កម្លាំងអ៊ីស្រាអែល។

ប្រភពយោធាអណាមិកបានប្រាប់ភ្នាក់ងារសារព័ត៌មាន Sana ថា៖ “សត្រូវ​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ឈ្លានពាន​តាម​អាកាស និងគ្រាប់ផ្លោងជាច្រើនគ្រាប់ ចេញពីទិសដៅនៃសមុទ្រមេឌីទែរ៉ាណេ  និងភាគនិរតីនៃទីក្រុងឡាតាគា ដោយកំណត់គោលដៅលើទីធ្លាកុងតឺន័រនៅកំពង់ផែពាណិជ្ជកម្មនៃទីក្រុងឡាតាគា។”

វីដេអូ​ដែល​​គេ​ចែក​រំលែក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​ពី​ការ​វាយ​ប្រហារ​តាម​អាកាសដែល​កំពុងកើតមានខណៈដែលរូបភាពមួយចំនួនក៏ត្រូវបានគេអះអាងថាថាជាភ្លើងដែលឆាបឆេះនៅមាត់ច្រកនៃកន្លែងផ្ទុកទំនិញ។

ប្រព័ន្ធការពារដែនអាកាសស៊ីរីក៏ត្រូវបានគេរាយការណ៍ថា បានធ្វើសកម្មភាពឆ្លើយតប បើទោះ​បី​ជា​គេ​មិន​ច្បាស់​ថាអាច​ស្ទាក់ចាប់គ្រាប់បានដែរឬយ៉ាងណា។

កម្លាំងការពារអ៊ីស្រាអែល(IDF)កម្រ​ទទួល​ស្គាល់​ប្រតិបត្តិការ​ផ្លូវ​អាកាស​លើប្រទេស​ស៊ីរី ហើយ ក៏មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ​​ បើទោះបីជាទីក្រុងថែលអាទីវធ្លាប់បញ្ជាក់ពី

មុនៗមកថា ធ្លាប់ធ្វើការវាយប្រហារស្រដៀងគ្នារាប់រយដង​ពេញមួយទសវត្សរ៍ក្នុងប្រតិបត្តិការប្រយុទ្ធរបស់ប្រទេសស៊ីរីជាមួយក្រុមឧទ្ទាមអ៊ីស្លាម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here