ប្រទេសម៉ាលី៖អង្គការ MINUSMA បានសរសេរលើបណ្តាញសង្គមទ្វីតធ័ររបស់ខ្លួនមានខ្លឹមសារថា កម្លាំងរក្សាសន្តិភាព ០៧នាក់នៃក្រុមបេសកកម្មរក្សាសន្តិភាពចម្រុះរបស់អង្គការសហប្រជាជាតិ (MINUSMA) នៅក្នុងប្រទេសម៉ាលីត្រូវបានសម្លាប់ និង ០៣នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីមានហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅកណ្តាលប្រទេសម៉ាលី។
ប្រភពដដែលបន្ថែមថា ក្បួនដឹកជញ្ចូនរបស់អង្គការ MINUSMA មកពីទីក្រុងដូនហ្សា ទៅកាន់ទីក្រុងហ្សេវ៉ា រងការវាយប្រហារពីឧបករណ៍បំផ្ទុះ RN16 នៅក្នុងតំបន់ប៉ានដ៉ាយហ្គារ៉ា នៅព្រឹកថ្ងៃពុធ។
បើតាមការវាយតម្លៃបឋមបង្ហាញថា កម្លាំងរក្សាសន្តិភាព ០៧នាក់បានស្លាប់ និង ០៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ។
ប្រភពព័ត៌មានពីអ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានជំរំ MINUSMA លោកអែលហ្គាស៊ីមវ៉េនបានបញ្ជាក់ឲ្យដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ជំរំ MINUSMA ចំនួន ០៤នៅភាគខាងជើងប្រទេសម៉ាលី រងការវាយប្រហារជាច្រើន។
ចាប់តាំងពីឆ្នាំ២០១២មក ប្រទេសម៉ាលីបាននិងកំពុងប្រឈមមុខជាមួយវិបត្តិសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងជាច្រើនផ្នែក។ សកម្មភាពរបស់ក្រុមបះបោរឯករាជ្យការវាយឆ្មក់របស់ក្រុមសកម្មប្រយុទ្ធជីហាដ និងអំពើហិង្សាអន្តរសហគមន៍ បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ត្រូវភៀសខ្លួន បើទោះបីជាមានវត្តមានរបស់កម្លាំងអង្គការសហប្រជាជាតិ (MINUSMA) ក៏ដូចជាកម្លាំងបារាំង (Barkhane) និងកម្លាំងអ៊ឺរ៉ុប (Takuba) ក៏ដោយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១