ប្រទេសសីរ៉ី៖ភ្នាក់ងារសារព័ត៌មានសាណាបានរាយការណ៍ថា ជនស៊ីវិល ០៣នាក់ មកពីគ្រួសារតែមួយត្រូវបានសម្លាប់នៅថ្ងៃចន្ទ ដោយកម្លាំងអាមេរិកនៅខេត្តឌៀរអាល់ហ្ស័រ (Deir al-Zour) ភាគខាងកើតប្រទេសស៊ីរី។
កម្លាំងអាមេរិកបានធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំនៅក្នុងទីក្រុងអាល់ ប៊ូសារាស់ និងនៅជុំវិញតំបន់ឌៀរអាល់ហ្ស័រ ជាមួយនឹងជំនួយរបស់កម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយក្រុមសកម្មប្រយុទ្ធឃឺដ ដោយបានសម្លាប់មនុស្ស ០៣នាក់ក្នុងទីក្រុងអាល់ប៊ូសារាស់។
របាយការណ៍ដដែលបានបន្ថែមទៀតថា កម្លាំងសហរដ្ឋអាមេរិកថែមទាំងបានធ្វើការវាយឆ្មក់តាមផ្ទះនៅតំបន់ជនបទក្នុងទីក្រុងឌៀរអាល់ហ្ស័រ និងបានចាប់មនុស្សទៅកាន់ទីតាំងដែលមិនស្គាល់។
យ៉ាងណាមិញ ពុំទាន់មានការបញ្ជាក់ណាមួយពីភាគីអាមេរិកនៅឡើយទេ។
ប្រភពព័ត៌មានសាណាបញ្ជាក់បន្ថែមថា កម្លាំងសហរដ្ឋអាមេរិក ធ្លាប់ធ្វើប្រតិបត្តិការស្រដៀងគ្នានៅក្នុងតំបន់នោះនៅថ្ងៃទី០៧ ខែធ្នូ ដោយក្នុងអំឡុងពេលនោះ កម្លាំងអាមេរិកបានប្រមូលផ្តុំកម្លាំងដោយមានជំនួយពីក្រុម SDF ហើយថែមទាំងបានបំផ្លាញផ្ទះទាំងអស់ដែលពួកគេបានវាយឆ្មក់។
គួរំលឹកផងដែរថា កម្លាំងសហរដ្ឋអាមេរិកបានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសស៊ីរី ចាប់ពីឆ្នាំ២០១៤មក។រដ្ឋាភិបាលស៊ីរីបានធ្វើការថ្កោលទោសម្តងហើយម្តងទៀតថា សកម្មភាពនោះជាវត្តមាននៃការកាន់កាប់ ដោយថែមទាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថា អាមេរិកបានលួចប្រេង និងឧស្ម័នរបស់ប្រទេសស៊ីរី ព្រមទាំងដំណាំស្រូវសាលីផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១