ប្រទេសអារ៉ាប៊ីសាអូឌីត៖ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតពាក់ព័ន្ធសង្គ្រាមក្នុងប្រទេសយ៉េម៉ែន នៅថ្ងៃចន្ទបានបើកការវាយប្រហារតាមអាកាសលើអាកាសយានដ្ឋានអន្តរជាតិសាណា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី។
កម្លាំងចម្រុះបន្ថែមថា ប្រតិបត្តិការនោះគឺជាការឆ្លើយតបចំពោះការគំរាមកំហែងដែលប្រើប្រាស់អាកាសយានដ្ឋាននៃរដ្ឋធានីយេម៉ែនដើម្បីបើកការវាយប្រហារ។ កម្លាំងចម្រុះបានបញ្ជាក់ថា ការវាយប្រហារតាមអាកាសមានភាពច្បាស់លាស់ កំណត់គោលដៅលើយោធា និងអនុវត្តក្រោមច្បាប់អន្តរជាតិ។ កម្លាំងចម្រុះថែមទាំងបានស្នើឱ្យជនស៊ីវិល អ្នកតំណាងអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ ជម្លៀសខ្លួនចេញពីអាកាសយានដ្ឋាន។
កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ធ្លាប់ធ្វើការវាយប្រហារជាប្រចាំលើគោលដៅយោធាដើម្បីរារាំងកងជីវពលពីការបាញ់បង្ហោះដ្រូន និងការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងទីក្រុងនានាក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលភាគច្រើនស្ថិតនៅតាមតំបន់ព្រំដែន។
គួររំលឹកផងដែរថា កម្លាំងចម្រុះធ្លាប់បានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីនៅឆ្នាំ២០១៥ ដើម្បីគាំទ្រដល់លោកប្រធាននាធិបតីអាប់រ៉ាប៊ូម៉ាណសួរហាឌី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១









