ជនជាតិប៉ាឡេស្ទីនត្រូវបានសម្លាប់នៅក្នុងតំបន់វ៉េសប៉េង

0

ប្រទេសប៉ាឡេស្ទីន៖​គ្រូពេទ្យ​ប៉ាឡេស្ទីនមានប្រសាសន៍ថា កម្លាំងអ៊ីស្រាអែលបាញ់សម្លាប់ ជនជាតិប៉ាឡេស្ទីនម្នាក់នៅក្នុងរថយន្ត នៅពេលពួកគេធ្វើដំណើរទៅកាន់តំបន់វ៉េស ប៉េងនៅថ្ងៃពុធ។ ចំណែកឯយោធាអ៊ីស្រាអែលនិយាយថា ទាហានអ៊ីស្រាអែលបានបាញ់ជនជាតិប៉ាឡេស្ទីនម្នាក់ ដែលបានបាញ់មកលើពួកគេចេញពីរថយន្តនោះ។

ឧប្បត្តិហេតុ​នោះបាន​កើត​ឡើង​ ក្រោយ​ពី​ជន​ជាតិ​ប៉ាឡេស្ទីន​ជា​ច្រើនបានធ្វើការវាយប្រហារលើជនជាតិអ៊ីស្រាអែលនៅរយៈប៉ុន្មានសប្តាហ៍ថ្មីៗមកនេះ។ ម៉្យាងទៀត ជនជាតិប៉ាឡេស្ទីន​ក៏​បានត្អូញត្អែរផងដែរ​ពី​ការ​វាយ​ប្រហាររបស់​អ្នក​តាំង​លំនៅអ៊ីស្រាអែល ដោយលំនៅដ្ឋាន​របស់​ពួកគេ​ស្ថិតនៅ​តំបន់វ៉េសប៉េង(West Bank) សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា​ខុសច្បាប់។

នៅក្នុងសេចក្តីថ្លែងការណ៍ យោធា​បន្ថែមឲ្យដឹងផងដែរ​ថា ទាហាន​អ៊ីស្រអែលបាន​រង​ការ​បាញ់​ប្រហារ​ពី​រថយន្ត​ដែល​ឆ្លងកាត់។ នៅពេលដែលពួកគេតាមរកជនដៃដល់ប៉ាឡេស្ទីននោះ គេរកឃើញនៅជិតតំបន់តាំងលំនៅសាហ្គត(Psagot)របស់ជនជាតិជ្វីហ្វ។ យោធានិយាយថា៖ “កម្លាំង​ទ័ព​បាន​បាញ់​តបត​វិញ ​ទើបបាញ់ត្រូវ​ជន​ដៃ​ដល់ ហើយកម្លាំងអ៊ីស្រាអែលមិនត្រូវរបួសក្នុងហេតុការណ៍នោះទេ”។

គ្រូពេទ្យប៉ាឡេស្ទីនបន្ថែមឲ្យដឹងថា ទាហាន​បាន​ដេញ​តាម​រថយន្តនោះ​រហូត​ដល់​ច្រក​ចូល​ជំរំ​ជន​ភៀស​ខ្លួន​រួច​បាញ់​ប្រហារ​បណ្តាល​ឱ្យ​បុរស​ប៉ាឡេស្ទីន​រង​របួស​។ ចំណែកឯ​ ទាហាន​បានបញ្ជាក់​ថា បុរស​ប៉ាឡេស្ទីន​​ត្រូវ​គេ​យក​ទៅ​មន្ទីរពេទ្យ ជា​កន្លែង​ដែលគេប្រកាសថាគាត់ស្លាប់។ ក្រុម​គ្រូពេទ្យ​បន្តទៀត​ថា ពួកគេ​មិន​បាន​ដឹង​ថា​តើបុរសជនជាតិប៉ាឡេស្ទីនរូបនោះពិតជាបាន ធ្វើ​ការ​វាយ​ប្រហារលើ​ទាហាន​អ៊ីស្រាអែល ដូច​ដែល​គេ​ចោទ​ប្រកាន់​ ​ឬ​យ៉ាងណានោះទេ។

នៅរយៈពេលមួយថ្ងៃបន្ទាប់មកទៀត អំពើហិង្សាបានកើតឡើងក្រោយពីទាហានអ៊ីស្រាអែលបានបាញ់សម្លាប់អ្នកបើកបររថយន្តប៉ាឡេស្ទីនដោយពួកគេ​សង្ស័យ​ថាអ្នកបើកបររូបនោះ​បាន​ព្យាយាម​បើក​រថយន្ត​របស់​គាត់​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​ត្រួតពិនិត្យ​យោធា​ក្បែរ​តំបន់​តាំងលំនៅ​មេវ៉ូដូថាន(Mevo Dotan) ក្នុង​តំបន់វ៉េសប៉េង។
លោកថ័រ វិនលេន(Tor Wennesland) បេសកជនសន្តិភាពមជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិមានប្រសាសន៍នៅសប្តាហ៍មុនថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​នាពេល​ថ្មីៗ​នេះចំពោះ​ភាគី​ទាំង​សងខាង ដោយលោកបានបន្ថែមថាស្ថានការណ៍មាន ការ​​ប្រែប្រួលយ៉ាងឆាប់រហ័ស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here