ភ្លើងឆេះតង់ចំនួន៥០ ក្នុងជំរុំអាល់ហុល ប្រទេសស៊ីរី

0

ប្រភពក្នុងស្រុកបាននិយាយថា មានអគ្គីភ័យមួយបានឆាបឆេះកាលពីថ្ងៃអង្គារនេះស្ថិតនៅក្នុងជំរុំអាល់ហុល (al-Hol) ស្ថិតនៅភាឦសាននៃប្រទេសស៊ីរី ដោយបានឆាប់ឆេះតង់ចំនួន៥០តង់ និងបានធ្វើឱ្យមនុស្សមួយចំនួនរងរបួស។

សាក្សីនៅជំរុំបានចង្អុលបង្ហាញថា អគ្គីភ័យនេះបណ្តាលមកពីការផ្ទុះម៉ាស៊ីនកំដៅដោយបានឆាបឆេះជុំវិញផ្នែកទីបីនៃជំរុំដែលក្នុងនោះមានជនភៀសខ្លួនអ៊ីរ៉ាក់កំពុងស្នាក់នៅ។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យមនុស្ស៣នាក់រងរបួស ក្នុងចំណោមអ្នករងរបួសមានស្ត្រីអ៊ីរ៉ាក់ម្នាក់ និងកុមារម្នាក់។

ប្រភពបាន​បន្ថែមទៀត​ថា យ៉ាង​ហោច​ណាស់​តង់​ចំនួន៥០ ក៏​ត្រូវ​បាន​បំផ្លាញ​ដោយ​ភ្លើង​ផង​ដែរ មុន​ពេលភ្លើងរលត់។

គួរបញ្ជាក់ថាជំរុំអាល់ហុលមានទីតាំងនៅខេត្តហាសាកា (Hasakah) មានក្រុមគ្រួសារចំនួន ១៦,៤០៤គ្រួសារស្នាក់នៅ ដែលក្នុងនោះមាន ៨,២៥៦ គ្រួសារមកពីប្រទេសអ៊ីរ៉ាក់ ៥,៦១៩គ្រួសារមកពីប្រទេសស៊ីរី និង២,៥២៩គ្រួសារទៀតមកពីប្រទេសផ្សេងៗ។

ភាគច្រើននៃអ្នករស់នៅក្នុងជំរុំនេះគឺជាអតីតសមាជិកនៃរដ្ឋអ៊ីស្លាម ឬជាក្រុមគ្រួសាររបស់ពួកអ៊ីស្លាម។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here