ក្រុមឧទ្ទាមហ៊ូធី​វាយប្រហារសម្លាប់មនុស្ស៥នាក់ក្នុងខេត្តស្ហាបវ៉ា

0

ប្រទេសយេម៉ែន៖ មន្ត្រីរដ្ឋាភិបាលប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ០៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធីទៅលើខេត្តស្ហាបវ៉ា​នៅថ្ងៃពុធ។   

ប្រភពមន្ត្រីអនាមិកក្នុងតំបន់ប្រាប់ឲ្យដឹងថា គ្រាប់ផ្លោងបានធ្លាក់ចំស្ថានីយ៍ប្រេងឥន្ធនៈស៊ីវិលនៅភាគខាងលិចនៃខេត្តដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងបណ្តាលឲ្យមនុស្សជាច្រើននាក់របួសនៅកន្លែងកើតហេតុ ហើយទ្រព្យសម្បត្តិជាច្រើនរបស់ជនស៊ីវិលរងការខូចខាត។

ក្រុមឧទ្ទាមហ៊ូធីបានបាត់បង់តំបន់ ដែលជាទីតាំងស្ថានីយ៍ប្រេងឥន្ធនៈនោះ ទៅ​កម្លាំងរដ្ឋាភិបាល​ក្នុងអំឡុងពេលនៃ​ការ​ប្រយុទ្ធគ្នានៅ​សប្តាហ៍​មុន​។

សូមបញ្ជាក់ថា ក្នុងអំឡុងពេល២សប្តាហ៍មុន ប្រតិបត្តិការយោធាដ៏ធំមួយត្រូវបានធ្វើឡើង ដោយក្រុមយោធា Giants Brigades ដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីនៅក្នុងខេត្តស្ហាបវ៉ា។ យុទ្ធនាការយោធាបានអនុញ្ញាតឱ្យកម្លាំងគាំទ្ររដ្ឋាភិបាលដណ្តើមបានទាំងស្រុងនូវខេត្តដែលសម្បូរដោយប្រេង ក្រោយពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃ។

គួររំលឹកផងដែរថា ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីក្រុមឧទ្ទាមហ៊ូធីធ្វើការវាយប្រហារជាច្រើននៅក្នុងប្រទេស និងដណ្តើមបានការកាន់កាប់ខេត្តទាំងអស់ រួមទាំងរាជធានីសាណា នៅឆ្នាំ២០១៤៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here