សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ២០នាក់រត់គេចពីគុក បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់ក្នុងរថយន្ត

0

ប្រភពសន្តិសុខមួយបាននិយាយថាកាលពីថ្ងៃព្រហស្បតិ៍នេះ យ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ២០នាក់បានរត់គេចពីពន្ធនាគារស៊ីណា (Sina) ដែលស្ថិតនៅក្នុងខេត្ត ហាសាកា (Hasakah) ប្រទេសស៊ីរី-ឃឺដ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកក្នុងរថយន្តសំដៅទៅលើពន្ធនាគារ។

ប្រភពសន្តិសុខបាននិយាយទៀតថា ការប៉ះទង្គិចគ្នាបានកើតឡើងរវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយពួកឃឺដ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតមួយក្រុមបានបំផ្ទុះខ្លួនឯងនៅខាងក្រៅពន្ធនាគារ បណ្តាលឱ្យឆ្មាំយាមគុកពីរនាក់រងរបួស នេះបើយោងតាមការដកស្រង់ព័ត៌មានដោយសារព័ត៌មាន Kurdistan 24 ។

យន្តហោះរបស់សម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាហោះហើរពីលើគុកដែលជាកន្លែងដែលមានក្រុមបះបោររដ្ឋអ៊ីស្លាមចំនួយជាង៤,០០០នាក់មកពី៤៨ប្រទេសផ្សេងគ្នាដែលស្ថិតនៅក្រោមការគ្រប់គ្រង និងយាមកាមដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី។

កងកម្លាំងប្រជាធិបតេយ្យស៊ីរីបានដាក់ពង្រាយកម្លាំងបន្ថែមទៅកាន់ពន្ធនាគារ និងបានបិទផ្លូវទាំងអស់ឆ្ពោះទៅកាន់កន្លែងកើតហេតុ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here