ចិនព្រមានអាមេរិកឱ្យដកនាវាចម្បាំងចេញពីដែនទឹកមានជម្លោះ នៅតំបន់សមុទ្រចិនខាងត្បូង

0

យោធាចិននៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាកងទ័ពរបស់ខ្លួនបានតាមដាន និងព្រមាននាវាចម្បាំងអាមេរិកមួយគ្រឿង ដែលចូលក្នុងតំបន់ដែនទឹកស្ថិតនៅក្បែរ ទីប្រជុំកោះប៉ារ៉ាសែល (Paracel) នៅដែនសមុទ្រចិនខាងត្បូង ឱ្យចាកចេញទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

ទីបញ្ជាការប្រចាំភូមិភាគខាងត្បូង របស់យោធាចិនបានឱ្យដឹងថា នាវាចម្បាំងអាមេរិក យូអេសអេស បេនហ្វូល (USS Benfold) បានធ្វើដំណើរដោយខុសច្បាប់ ចូលក្នុងដែនទឹករបស់ប្រទេសចិនដោយគ្មានការអនុញ្ញាត ដែលជាការបំពានលើអធិបតេយ្យភាពរបស់ចិន ហើយកងទ័ពជើងទឹក និងកងទ័ពអាកាសចិន ក៏បានធ្វើការឆ្លើយតបភ្លាមៗ ដោយតាមឃ្លាំមើល នាវាចម្បាំងអាមេរិកមួយគ្រឿងនោះ។

គួរបញ្ជាក់ថា ជុំវិញហេតុការណ៍នេះ ខាងកងទ័ពជើងទឹកអាមេរិកបានអះអាងថា នាវាចម្បាំង USS Benfold បានធ្វើដំណើរស្របទៅតាមច្បាប់អន្តរជាតិ ហើយអាមេរិកនឹងនៅតែបន្តធ្វើប្រតិបត្តិការសេរីភាពនាវាចរ ទៅកាន់គ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។ ទីក្រុងវ៉ាស៉ីនតោនបាន ចេញប្រតិបត្តិការយោធាជារឿយៗ ដែលខ្លួនហៅថាបេសកម្មសេរីភាពនាវាចរ នៅតំបន់សមុទ្រចិនខាងត្បូង ដែលជាទង្វើទទួលរងការរិះគន់ ជាដដែលៗពីសំណាក់ទីក្រុងប៉េកាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here