កញ្ចប់ដំបូងនៃជំនួយយោធារបស់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់២០០លានដុល្លារ ត្រូវបានដឹកបញ្ជូនទៅដល់ទីក្រុងកៀវ ប្រទេស អ៊ុយក្រែនហើយ នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២នេះ។ នេះបើតាមស្ថានទូតអាមេរិកប្រចាំអ៊ុយក្រែន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការបញ្ជូនកញ្ចប់ជំនួយយោធាខាងលើ កើតមានឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក Antony Blinken នៅក្នុងសប្ដាហ៍នេះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងពីសំណាក់អ៊ុយក្រែន និងសម្ពន្ធមិត្តលោកខាងលិច ពាក់ព័ន្ធនឹង ការដាក់ពង្រាយកងទ័ពរុស្ស៊ី នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។
ថ្លែងនៅក្នុងសារមួយបង្ហោះលើ Facebook ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងបន្តផ្ដល់ការគាំទ្រ រួមទាំងជំនួយដល់យោធាអ៊ុយក្រែន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ប្រឆាំងនឹង ការឈ្លានពានណាមួយរបស់រុស្ស៊ី»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកផងដែរ ដែលបានផ្ដល់ជំនួយ។ ជំនួយយោធា ២០០លានដុល្លារខាងលើ ត្រូវបានសហរដ្ឋអាមេរិក អនុម័តកាលពីខែធ្នូ ឆ្នាំ២០២១៕