ប្រទេសអាល្លឺម៉ង់៖ប៉ូលិសនិយាយនៅថ្ងៃចន្ទថា មនុស្ស ០៤នាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅសាលប្រជុំរបស់សាកលវិទ្យាល័យ ក្នុងទីក្រុងហៃដលបឺកភាគនិរតីនៃប្រទេសអាល្លឺម៉ង់។ ប៉ូលិសបន្ថែមថា អ្នកវាយប្រហារបានស្លាប់។
ប៉ូលិសតំបន់ម៉ាន់ហេមបានផុសលើបណ្តាញសង្គមធ្វីតធ័រមានខ្លឹមសារថា ជនល្មើសវាយប្រហារលើជនរងគ្រោះដោយកាំភ្លើងវែង ហើយក្រោយមកប៉ូលិសបានពង្រាយកម្លាំងជាច្រើននៅទីតាំងកើតហេតុ។ ឧប្បត្តិហេតុនោះបានកើតឡើងនៅក្នុងតំបន់នូអេនហេមឺហ្វេលនៅភាគខាងជើងទីក្រុងហៃដលបឺក ជាទីតាំងរបស់មហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិរបស់សាកលវិទ្យាល័យទីក្រុង និងស្ថិតនៅផ្នែកមួយនៃសាកលវិទ្យាល័យពេទ្យ។ តំបន់នោះត្រូវបានប៉ូលិស និងកម្លាំងពិសេសបិទ ដោយនោះជាការឆ្លើយតបទៅនឹងឧប្បត្តិហេតុនៅថ្ងៃចន្ទ។
មន្ត្រីប៉ូលិសនៅតែបន្តធ្វើប្រតិបត្តិការស្វែងរកក្នុងតំបន់នោះ ទោះបីជាមន្ត្រីអនុវត្តច្បាប់ជឿថាគ្រោះថ្នាក់បានផុតទៅហើយ ដោយពួកគេមិនជឿថានឹងមានជនល្មើសផ្សេងទៀតនោះទេ។
សម្រាប់បច្ចុប្បន្នភាពព័ត៌មានចុងក្រោយបង្អស់ ប៉ូលិសនិយាយថា មនុស្ស ០៤នាក់ បានរងរបួសក្នុងការវាយប្រហារដោយអ្នកខ្លះបានរងរបួសធ្ងន់។ បច្ចុប្បន្ន សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណរបស់ជនសង្ស័យ និងមូលហេតុនៃការបាញ់ប្រហារនៅឡើយទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២