យោធាទាមទារអំណាចក្នុងរដ្ឋប្រហារនៅប្រទេសបួគីណាហ្វាសូ

0

ប្រទេសបួគីណាហ្វាសូ៖សមាជិកយោធានៃប្រទេសបួគីណាហ្វាសូបង្ហាញវត្តមាននៅមុខកញ្ចក់ទូរទស្សន៍រដ្ឋ RTB នៅថ្ងៃចន្ទ ដោយ​អះអាង​ថា​បាន​ដណ្តើមការ​គ្រប់គ្រង​ប្រទេស
​អាហ្វ្រិក​ខាងលិច។ ក្រុមយោធានោះនិយាយថា ពួកគេផ្អាកអំណាចគ្រប់គ្រងដោយរដ្ឋធម្មនុញ្ញ ដោយសារតែការបរាជ័យរបស់លោកប្រធានាធិបតី កាប័រ(Kaboré) ក្នុងការបង្រួបបង្រួមជាតិ និងបញ្ឈប់រលកនៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធជីហាដនៅទូទាំងប្រទេស។

លោកកាប័រ (Kaboré) បច្ចុប្បន្ន​នៅ​ទី​ណាគេ​មិន​ទាន់​ដឹង​នៅឡើយ ប៉ុន្តែភ្នាក់ងារសារ​ព័ត៌មាន AFP រាយការណ៍​ថា គាត់​ត្រូវ​បាន​ទាហាន​ចាប់​ខ្លួននៅ​យប់​ថ្ងៃ​អាទិត្យ។ បើទោះបីជាមានការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លាត្រូវបានរាយការណ៍នៅទូទាំងរដ្ឋធានីអៅហ្កាឌូហ្គូនៅយប់ថ្ងៃអាទិត្យក៏រដ្ឋាភិបាលបានបដិសេធលើការប៉ុនប៉ងធ្វើរដ្ឋប្រហារ ឬថាលោកកាប័រត្រូវបានឃុំខ្លួន។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP បានឲ្យដឹងថា ចំណងជើងព័ត៌មានចុះផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋ RTB មានខ្លឹមសារថា៖ “សកម្មភាពមិនសប្បាយចិត្តរបស់ទាហាន ហើយមេដឹកនាំយោធាកំពុងធ្វើការដោះស្រាយស្ថានការណ៍ឲ្យមានភាពស្ងប់ស្ងាត់ និងសម្រួលឲ្យគ្មានបញ្ហា”។

ទាហានខ្លះបានប្រាប់ភ្នាក់ងារសារព័ត៌មាន AP ថា ពួកគេបានរៀបចំផែនការបះបោរចាប់តាំងពីខែសីហា ហើយពួកគេបានខឹងសម្បារចំពោះការបរាជ័យជាក់ស្តែងរបស់លោកកាប័រក្នុងការប្តេជ្ញាចិត្តសាងកម្លាំង និងបន្ថែមធនធានក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជីហាដ។ខណៈ​ដែលការ​បាញ់​កាំភ្លើង​បាន​ផ្ទុះ​ឡើង​នៅ​រដ្ឋធានីអៅហ្កាឌូហ្គូ ជនស៊ីវិលត្រូវបានរាយការណ៍ថាចូលរួមធ្វើការតវ៉ាដោយសាមគ្គីជាមួយក្រុមយោធាទាំងនោះ។

​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទបានបញ្ជាក់ឲ្យដឹងថា គណបក្សនយោបាយរបស់លោកកាប័រ People’s Movement for Progress បានអះអាងថា លោកប្រធានាធិបតីបានរត់រួចរស់រានមានជីវិតពីការប៉ុនប៉ងធ្វើឃាតក្នុងអំឡុងពេលមានការធ្វើរដ្ឋប្រហារ ហើយផ្ទះរបស់លោកត្រូវគេរឹបអូស។ យ៉ាងណាមិញ សមាជិកគណបក្ស​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​ពីទីតាំង​លាក់​ខ្លួន​របស់លោកប្រធានា​ធិបតីនោះទេ។

សូមរំលឹកផងដែរថា លោកកាប័រ បានដឹកនាំប្រទេសបួគីណាហ្វាសូ ចាប់ពីឆ្នាំ២០១៥ មកក្រោយពេលដែលលោកត្រូវបានបោះឆ្នោតជ្រើសរើសឱ្យជំនួសលោកប្រធានាធិបតីប្លេស
ខាំផាវ(Blaise Compaoré) ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ១៩៨៧។ ក្រោយមកទៀតលោកកាប័រ ត្រូវ​បានគេបោះឆ្នោត​ជ្រើសរើសម្តងទៀត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែលោក​បាន​ស្ថិត​ក្រោម​សម្ពាធ​កាន់​តែ​ខ្លាំង​ចាប់​តាំង​ពី​ពេល​នោះ​មកក្នុងការ​ដោះស្រាយបញ្ហានៃ​អំពើ​ហិង្សា​របស់​ក្រុមសកម្មប្រយុទ្ធ​ជីហាដ ដែលបានញាំញីប្រទេសបួគីណាហ្វាសូ និងតំបន់ស្ហាហេល កាន់តែទូលំទូលាយចាប់តាំងពីឆ្នាំ២០១៦មក ហើយភាគច្រើនការវាយប្រហារដឹកនាំដោយក្រុមសកម្មប្រយុទ្ធប៉ូកូហារ៉ាម និងក្រុមសកម្មប្រយុទ្ធអាល់កៃដាក្នុងស្រុក៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here