កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ដែលស្ថិតនៅក្នុងខេត្តគឺគក់ (Kirkuk) ដែលមានជម្លោះបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពេលមានលទ្ធភាពនៃការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាម (IS) លើទីស្នាក់ការសន្តិសុខ និងចារកម្ម។
កងកម្លាំងសន្តិសុខកាលពីយប់ថ្ងៃច័ន្ទបានចាប់ផ្តើមប្រតិបត្តិការបោសសម្អាតនៅក្នុងសង្កាត់ផ្សេងៗគ្នានៃខេត្តគឺគក់ ដែលជាផ្នែកនៃវិធានការដើម្បីទប់ទល់នឹងការវាយប្រហារភេរវកម្មដែលអាចកើតមានឡើង នេះបើយោងតាមព័ត៌មានដែល BasNews ទទួលបាន។
ការប្រុងប្រយ័ត្ននេះកើតឡើង ខណៈក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានវាយប្រហារលើពន្ធនាគារអាល់ស៊ីណា (al-Sinaa) ក្នុងខេត្តហាសាកា (Hasakah) ក្នុងប្រទេសស៊ីរីដែលជាកន្លែងដែលមានការប៉ះទង្គិចគ្នាបានបន្តរហូតដល់ថ្ងៃចន្ទ។
គួររំលឹកថាក្រុមបះបោរកាលពីខែធ្នូឆ្នាំមុន បានរៀបចំផែនការវាយប្រហារលើពន្ធនាគារអាល់-តាហ្វីរ៉ាត់ (al-Tasfirat) ក្នុងខេត្តគឺគក់ ដែលជាកន្លែងដែលបានឃុំឃាំងពួករដ្ឋអ៊ីស្លាមជិត៤០០នាក់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងអ៊ីរ៉ាក់បានគ្រប់គ្រងស្ថានការណ៍បាន និងបានធ្វើឱ្យផែនការវាយប្រហារនេះមិនទទួលបានជោគជ័យ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២