ប្រទេសអ៊ីស្រាអែល៖នៅថ្ងៃអង្គារ កម្លាំងការពារអ៊ីស្រាអែល(IDF) បានឲ្យដឹងថា ទាហានម្នាក់ដែលបានចែករំលែកវីដេអូនៃការបាញ់ប្រហារទៅលើតំបន់ហ្កាហ្សាត្រូវ បានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ថ្ងៃ។
កាសែត The Times of Israel បានដកស្រង់សម្តីរបស់កម្លាំងការពារអ៊ីស្រាអែលពីក្នុងសេចក្តី ថ្លែងការណ៍មានខ្លឹមសារថា៖“អាកប្បកិរិយារបស់ទាហាននៅក្នុងវីដេអូមិនគោរពតាមបទដ្ឋានដែលរំពឹងទុករបស់មេទាហាន និងមេបញ្ជាការនោះទេ។ សមត្ថកិច្ចបានសន្និដ្ឋានថា ការបាញ់ប្រហារនោះមិនបានគោរពតាមបទប្បញ្ញត្តិនៃការបាញ់ដោយបើកចំហ។”
ទាហានរូបនោះបានផុសរូបខ្លួនឯងលើបណ្តាញសង្គម TikTok ដែលគេអាចមើលឃើញពីសកម្មភាពនៃការបាញ់ទៅលើអាកាសឆ្ពោះទៅកាន់ទឹកដីនៃប្រទេសប៉ាឡេស្ទីន។ វីដេអូនោះហាក់ដូចជាត្រូវបានថតដោយអ្នកផ្សេងនិងមានដាក់បញ្ចូលបន្ថែមជាមួយចម្រៀង។ យ៉ាងណាមិញ គាត់ហាក់បីដូចជាបាញ់មិនមានគោលដៅ ហើយនៅក្នុងវីដេអូនោះមិនឃើញមានភាគីម្ខាងទៀតនៅព្រំដែននោះទេ។
គួររំលឹកផងដែរថា ស្ថានភាពតំបន់ហ្កាហ្សានៅខាងប្រទេសអ៊ីស្រាអែលមានការប្រែប្រួលយ៉ាងខ្លាំងហើយមានឧប្បត្តិហេតុជាច្រើនបានកើតឡើងជារៀងរាល់ឆ្នាំ ដោយរបងព្រំដែនរងការ បំផ្លាញ ឬមានការឆ្លងកាត់ដោយកម្លាំងទ័ពចេញពីទឹកដីនៃប្រទេសប៉ាឡេស្ទីន។ ម៉្យាងទៀត តំបន់ហ្កាហ្សាតែងតែប្រឈមនឹងការប៉ះទង្គិចគ្នារវាងកម្លាំងប៉ាឡេស្ទីន និងកម្លាំងអ៊ីស្រាអែល។ លើសពីនេះ មានមនុស្សជាច្រើននាក់បានរងរបួសនៅខែសីហានៅពេលដែលពលរដ្ឋបានធ្វើបាតុកម្មប្រឆាំងនឹងការបិទផ្លូវរបស់កម្លាំងអ៊ីស្រាអែលនៅជិតរបង ដែលជំរុញឱ្យមានការតបតវិញយ៉ាងក្តៅគគុកពីកម្លាំងការពារជាតិអ៊ីស្រាអែល(IDF)៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២









