ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) កាលពីយប់ថ្ងៃព្រហស្បតិ៍នេះបានធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងកងទ័ពអ៊ីរ៉ាក់នៅក្នុងក្រុងដាគុគ (Daquq) ភាគខាងត្បូងខេត្តគឺគក់ (Kirkuk)។
អភិបាលក្រុងដាគុគលោក Luis Fandi បានប្រាប់សារព័ត៌មាន BasNews ថាការវាយប្រហារបានកើតឡើងនៅក្នុងភូមិតាម័រ (Tamur) ក្រុងដាគុគ ដែលជាកន្លែងដែលពួកសកម្មប្រយុទ្ធបានកំណត់គោលដៅលើអង្គភាពមួយនៃកងទ័ព។
កងកម្លាំងអ៊ីរ៉ាក់បានឆ្លើយតបនឹងការវាយប្រហារនេះ និងបានគ្រប់គ្រងស្ថានភាពឡើងវិញ ដោយក្រុមជីហាដបានរត់គេចចេញពីតំបន់វាយប្រហារ។ ចំនែកឯមន្ត្រីឃឺដបានប្រាប់បន្ថែមថាភ្លាមៗវាមិនច្បាស់ថាតើមានអ្នកស្លាប់ និងរបួស ឬអត់នោះទេ។
គួររំលឹកថានៅមួយថ្ងៃមុននេះមានហេតុការណ៍បំផ្ទុះគ្រាប់បែកមួយបានកើតឡើងបណ្តាលធ្វើឱ្យមន្ត្រីអ៊ីរ៉ាក់ម្នាក់ និងទាហាន៣នាក់រងរបួសស្ថិតនៅក្នុងតំបន់អ៊ុយសែម (Uzem) ខេត្តឌីយ៉ាឡា (Diyala) ជាកន្លែងដែលកងកម្លាំងកំពុងធ្វើប្រតិបត្តិការប្រឆាំងក្រុមរដ្ឋអ៊ីស្លាម។
កាលពីថ្ងៃអង្គារកន្លងទៅក៏មានការបំផ្ទុះគ្រាប់បែកស្រដៀងគ្នានេះផងដែរដោយបានសំដៅទៅលើក្បួនរថយន្តរបស់កងកម្លាំងប៉ូលិសសហព័ន្ធក្នុងក្រុងវ៉ាឌី ហ្សាហ្គីតុន (Wadi Zaghitoun) ភាគនិរតីនៃខេត្តគឺគក់ បណ្តាលឲ្យប៉ូលិស៤នាក់រងរបួស។
ក្រុមរដ្ឋអ៊ីស្លាមត្រូវបានស្តីបន្ទោសចំពោះការវាយប្រហារដោយគ្រាប់បែកទាំងពីរនេះ ខណៈដែលក្រុមបះបោរបានបង្កើនសកម្មភាពភេរវកររបស់ខ្លួននាពេលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
ឧប្បត្តិហេតុទាំងពីរបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមបានវាយប្រហារលើកងកម្លាំងកងទ័ពអ៊ីរ៉ាក់នៅក្នុងខេត្តឌីយ៉ាឡា និងបានសម្លាប់ទាហាន១១នាក់ ខណៈទាហានជាច្រើននាក់ផ្សេងទៀតរងរបួស។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២