ប្រទេសយេម៉ែន៖ទូរទស្សន៍របស់កងជីវពលហ៊ូធីបានចុះផ្សាយថា ការវាយប្រហារតាមអាកាសដឹកនាំដោយកម្លាំងអារ៉ាប៊ីសាអូឌីតបានបំផ្លាញអង់តែនវិទ្យុក្នុងជំរំយោធាចំនួនបី ដែលគ្រប់គ្រងដោយកងជីវពលហ៊ូធីក្នុងរាជធានីសាណានៅថ្ងៃអង្គារ៍មុនពេលព្រឹកព្រលឹម។
ចំណែកឯទូរទស្សន៍របស់កងជីវពលហ៊ូធីបានចុះផ្សាយដោយពុំបានផ្តល់ព័ត៌មានលម្អិតថា ការវាយប្រហារតាមអាកាសបានបំផ្លាញអង់តែនវិទ្យុនៅក្នុងជំរំថាបាតអាល់ថេឡេវីស្ហិននៅភាគខាងជើងទីក្រុងសាណា និងក្នុងជំរំអាឡេថានៅកណ្តាលរាជធានី ក៏ដូចជាជំរំនៅភាគខាងត្បូងនៃទីក្រុង។
ការផ្ទុះនេះមានកម្លាំងគ្រប់គ្រាន់ដើម្បីអង្រួនអគារនានានៅទូទាំងរាជធានី ហើយថែមទាំងបានបញ្ជូនកំទេចគ្រាប់ជាច្រើនទៅទីតាំងឆ្ងាយៗ។ លើសពីនេះ ផ្ទះជាច្រើនខ្នងនៅជិតកន្លែងកើតហេតុបានរងការខូចខាត ខណៈដែលគ្រួសារមួយចំនួនបានលាក់ខ្លួននៅខាងក្នុងផ្ទះដើម្បីគេចខ្លួនពីយន្តហោះចម្បាំងដែលហោះហើរលើមេឃ។
នេះជាថ្ងៃទីពីរហើយនៃការវាយប្រហារតាមអាកាសលើកចុងក្រោយរបស់កម្លាំងចម្រុះទៅលើទីក្រុងសាណា ក្រោយពីមានការវាយប្រហារដោយមីស៊ីលឆ្លងដែនរបស់កងជីវពលហ៊ូធីប្រឆាំងនឹងប្រទេសអារ៉ាប់រួម (UAE) នៅថ្ងៃអាទិត្យ ដែលត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពាររបស់ប្រទេស។
ការវាយប្រហារនៅថ្ងៃអាទិត្យ គឺជាការវាយប្រហារលើកទី៣ ក្នុងរយៈពេលតិចជាងពីរសប្តាហ៍កន្លងមកនេះ។ ការវាយប្រហារលើកមុនបានសម្លាប់មនុស្ស ០៣នាក់ និងបាន
វាយប្រហារលើទីតាំងផលិតប្រេងក្នុងទីក្រុងអាបុដាប៊ី។
គួររំលឹកផងដែរថា កងជីវពលហ៊ូធីយេម៉េនគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការវាយប្រហារដោយមីស៊ីលឆ្លងព្រំដែនប្រឆាំងនឹងប្រទេស UAE និងប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយពីពួកគេបានបាត់បង់តំបន់យុទ្ធសាស្ត្រជាច្រើននៅកណ្តាលប្រទេសយេម៉ែនក្នុងខែមករា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ