ប្រទេសសីរ៉ី៖ក្រុមសកម្មប្រយុទ្ធ QSD ដែលគាំទ្រដល់ការកាន់កាប់របស់សហរដ្ឋអាមេរិកបានបង្កើនយុទ្ធនាការវាយឆ្មក់របស់ពួកគេ និងធ្វើការគាបសង្កត់ប្រឆាំងនឹងពលរដ្ឋនៅក្នុងតំបន់ដែលពួកគេកាន់កាប់ ដូចជានៅព្រឹកថ្ងៃអង្គារនេះ ក្រុមនោះបានធ្វើការវាយឆ្មក់លើតំបន់ជាច្រើននៅក្នុងទីក្រុងហាសាកា និងលើជំរំរបស់អ្នកផ្លាស់ទីលំនៅនៅតំបន់ជនបទរ៉ាចា ហើយថែមទាំងបានចាប់ជំរិតមនុស្សជាច្រើននាក់ និងនាំពួកគេទៅកាន់តំបន់ដែលមិនស្គាល់។
ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់អ្នកសារព័ត៌មានថា ក្រុមសកម្មប្រយុទ្ធ QSD បន្តការបំពានលើអ្នកស្រុកក្នុងតំបន់វ៉ារ៉េន ដូចជានៅពេលព្រឹកពួកគេបានរារាំងអ្នកស្រុកមិនឱ្យចូល និងចាកចេញពីតំបន់ រួមទាំងធ្វើសកម្មភាពវាយឆ្មក់ចូលតាមផ្ទះប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ភាគអាគ្នេយ៍ក្រោមលេសថា ស្វែងរកអ្នករត់គេចខ្លួនពីពន្ធនាគារ Industrial High School Prison។
ប្រភពដដែលបានបន្ថែមឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ QSD ថែមទាំងបានចាប់ពង្រត់យុវជនជាច្រើននាក់ ខណៈពេលពួកគេធ្វើការវាយឆ្មក់លើតំបន់កាសម៉េន ភាគខាងកើតទីក្រុងហាសាកា ហើយនាំយុវជនទាំងនោះទៅកាន់តំបន់ដែលមិនស្គាល់ និងបានបង្ខំពួកគេឱ្យប្រយុទ្ធគ្នា។
បើយោងតាមការបញ្ជាក់បន្ថែមពីប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា នៅតំបន់ជនបទរ៉ាចា ក្រុមសកម្មប្រយុទ្ធ QSD បានវាយឆ្មក់លើជំរំអាល់ម៉ាមូដាលី នៅតំបន់ជនបទភាគខាងលិចតំបន់រ៉ាចា ក្រោយពីពួកគេបានបិទច្រកចូល និងច្រកចេញទាំងអស់ ហើយថែមទាំងបានចាប់អ្នកស្រុកប្រមាណជា ៤០នាក់ដោយក្នុងនោះមានទាំងមនុស្សចាស់ផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២