បំផ្ទុះគ្រាប់បែកបណ្តាលឱ្យស្លាប់ទាហានអ៊ីរ៉ាក់៣នាក់ ជនស៊ីវិលម្នាក់

0

ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ពុធនេះ ​បណ្តាល​ឲ្យ​ទាហាន​អ៊ីរ៉ាក់​៣​នាក់​ និង​ជន​ស៊ីវិល​ម្នាក់​ស្លាប់ស្ថិតនៅភាគ​ខាង​លិច​ខេត្តអាន់បា (Anbar)។

ប្រភពសន្តិសុខមួយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងតំបន់អាល់សាកា (al-Sakkar) ស្រុកអាល់រ៉ាត់បា al-Rutbah ខេត្តអាន់បា ដោយសារគ្រាប់បែកបានដាក់លើដងផ្លូវដើម្បីវាយប្រហារលើរថយន្តរបស់កងកម្លាំងកងទ័ពអ៊ីរ៉ាក់។

ប្រភព​បានប្រាប់ឱ្យដឹងទៀតថា មនុស្ស​ជា​ច្រើន​នាក់​ទៀត​ក៏​បាន​រង​របួស​ផងដែរ។ គួររំលឹកថាកាលពីម្សិលមិញក៏មានហេតុការណ៍វាយប្រហារស្រដៀងគ្នានេះដែរ ដោយបានសំដៅទៅលើអង្គភាពមួយនៃកងទ័ពអ៊ីរ៉ាក់ស្ថិតនៅក្នុងស្រុករ៉ាវ៉ា (Rawa) ខេត្តអាន់បា បណ្តាលឱ្យទាហានមួយចំនួនបានស្លាប់ និងរងរបួស។

គួរបញ្ជាក់ថាគ្មានក្រុម ឬអង្គការណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកទាំងពីរនេះទេ ប៉ុន្តែក្រុមរដ្ឋអ៊ីស្លាមនៅតែជាក្រុមដែលគេដាក់ការសង្ស័យស្ថិតនៅពីក្រោយនៃការវាយប្រហារទាំងនេះ ដោយសារមានការកើនឡើងយ៉ាងឆាប់រហ័សនៃសកម្មភាពភេរវកម្មរបស់ក្រុមនេះស្ថិតនៅក្នុងតំបន់កើតហេតុនាពេលថ្មីៗនេះ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here