កងកម្លាំងអ៊ីរ៉ាក់កាលពីថ្ងៃអង្គារនេះបានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់នៅក្នុងតំបន់ជម្លោះឃឺដនៃខេត្តកឺកុក (Kirkuk)។
បញ្ជាការប្រតិបត្តិការខេត្តកឺកុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបះបោរទាំង២នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការដែលធ្វើឡើងដោយកងកម្លាំងរួមគ្នាជាមួយក្រុម ចារកម្ម ប៉ូលិស និងសន្តិសុខជាតិ។
អ្នកទាំង២នាក់ត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនអាវុធ ក៏ដូចជាគ្រឿងឧបភោគបរិភោគទៅឱ្យក្រុមជីហាដនៅក្នុងតំបន់ផ្សេងៗគ្នាក្នុងខេត្ត នេះបើយោងតាមសេចក្តីថ្លែងការណ៍។
គួររំលឹកផងដែរថាកាលពីថ្ងៃអាទិត្យសប្តាហ៍មុននាយកដ្ឋានប្រឆាំងភេរវកម្មក្នុងតំបន់ឃឺដបាន ប្រគល់សមាជិកក្រុមរដ្ឋអ៊ីស្លាមដែលបានឃុំខ្លួនម្នាក់ទៅឱ្យអាជ្ញាធរអ៊ីរ៉ាក់។
ជនជីហាដម្នាក់នេះមានឈ្មោះ អាមេដ អ៊ីប្រាហ៊ីម អាមេដ ចាឌី គឺជាសមាជិកសកម្មរបស់រដ្ឋអ៊ីស្លាមដែលបានចាប់ខ្លួនដោយក្រុមកងកម្លាំងប្រឆាំងភេរវកម្មរបស់ឃឺដកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីក្រុងអឺប៊ីលកន្លងទៅ។
ចាឌីគឺជាភេរវករម្នាក់ស្ថិតក្នុងបញ្ជីចាប់ខ្លួនរបស់អ៊ីរ៉ាក់ ត្រូវបានប្រគល់ទៅឱ្យក្រុមកងកម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់តាមសំណើកាលពីថ្ងៃសៅរ៍នេះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២