ក្រុមបាតុកររាប់សិបនាក់បានធ្វើការតវ៉ានៅក្រៅសេតវិមាន ដើម្បីបញ្ឈប់សង្រ្គាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន

0

បើទោះបីជាមានអាកាសធាតុត្រជាក់ លាយលំជាមួយនឹងភ្លៀងធ្លាក់តិចៗក៏ដោយ ក៏មិនអាចបញ្ឈប់ក្រុមបាតុកររាប់សិបនាក់ ដែលឈរនៅក្រៅសេតវិមាន ដើម្បីបញ្ឈប់សង្រ្គាមដែលកំពុងកើតមាននៅលើប្រទេសអ៊ុយក្រែនបានដែរ។

សញ្ញាក៏ដូចជាទង់ជាតិដែលមានពណ៌ខៀវ និងពណ៌លឿងត្រូវបានលើកបង្ហាញឡើងដោយបញ្ជាក់ពីការធ្វើអធិស្ឋាន និងគាំទ្រទៅលើប្រទេសអ៊ុយក្រែន បូកផ្សំជាមួយនឹងក្រដាសលើកតវ៉ាមួយដែលបានសរសេរថា “ពូទីននឹងដឹងថាប្រទេសអ៊ុយក្រែនមិនមែនជាហ្គេមសម្រាប់លេងនោះទេ”។

ក្រុមអ្នកតវ៉ាទាំងអស់ បានច្រៀងចម្រៀងភ្លេងជាតិរបស់ប្រទេសអ៊ុយក្រែននៅមុខសេតវិមាន និងនៅក្នុងចំណោមបាតុករទាំងអស់នោះ មានស្រ្តីវ័យក្មេងម្នាក់បានប្រាប់ទៅអ្នកសារព័ត៌មាន BBC ថា ជីដូនរបស់នាងបានទូរស័ព្ទមកនាងពីប្រទេសអ៊ុយក្រែននាម៉ោង ៥ ព្រឹក ដោយលាយលំជាមួយនឹងទឹកភ្នែក ភាពសោកសៅ និងការភ័យខ្លាចខណៈពេលដែលគ្រាប់បែកកំពុងតែធ្លាក់។

ស្រ្តីវ័យក្មេងម្នាក់នោះបានបន្ថែមថា នាងចង់ឃើញជីដូនជីតារបស់នាងនៅរស់រានមានជីវិត នាងមិនចង់ឃើញពួកគាត់ស្លាប់នោះទេ នាងបាននិយាយជាមួយនឹងរូបសញ្ញាបេះដូង និងបានកាន់ជាប់ជានឹងមួយទង់ជាតិនៃប្រទេសអ៊ុយក្រែន។

ហ្វូងមនុស្សរាប់សិបនាក់ បានព្យាយាមឈរតវ៉ា និងគ្រវីទង់ជាតិនៅខាងក្រៅសេតវិមាន ជាមួយនឹងសម្រែកស្រែកថា “ឈរជាមួយអ៊ុយក្រែន”៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព÷ BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here