សេចក្តីថ្លែងការណ៍យោធាបាននិយាយថា យ៉ាងហោចណាស់សមាជិកអ៊ីស្លាមចំនួន៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយយន្តហោះចម្បាំងរបស់អ៊ីរ៉ាក់កាលពីថ្ងៃពុធនេះក្នុងទីក្រុងកឺកុក (Kirkuk)។
អ្នកនាំពាក្យអគ្គមេបញ្ជាការនៃកងកម្លាំងអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអង្គភាពប្រឆាំងភេរវកម្មអ៊ីរ៉ាក់ធ្លាប់បានប្រទះឃើញពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមស្ថិតនៅក្នុងកន្លែងលាក់ខ្លួនពីរកន្លែងដាច់ដោយឡែកពីគ្នាស្ថិតនៅក្នុងតំបន់ អាល់-ឌីប៊ីស (al-Dibis) ភាគពាយព្យនៃទីក្រុងកឺកុក។
ការវាយប្រហារតាមអាកាសនេះបានសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៥នាក់ ក្នុងនោះមានមេដឹកនាំក្នុងតំបន់២នាក់ និងបានបំផ្លាញកន្លែងលាក់ខ្លួនមួយចំនួនរបស់ពួកគេផងដែរ។
បើទោះបីជាមានការវាយប្រហារភេរវករម្តងហើយម្តងទៀតពីសំណាក់ក្រុមរដ្ឋអ៊ីស្លាមនៅទូទាំងប្រទេសក៏ដោយ ក៏អ៊ីរ៉ាក់នៅតែធ្វើឱ្យក្រុមនេះស្ថិតនៅក្រោមសម្ពាធតាមរយៈប្រតិបត្តិការតាមអាកាស និងជើងគោកជាប្រចាំដែលផ្តោតលើកន្លែងលាក់ខ្លួនរបស់ពួកគេ។
គួរបញ្ជាក់ថាក្រុមជ្រុលនិយមនៅតែមានវត្តមានស្ថិតនៅក្នុងតំបន់វាលខ្សាច់នៃទីក្រុងម៉ូស៊ុល ទីក្រុងកឺកុក ខេត្តឌីយ៉ាឡា ខេត្តសាឡាហាឌីន និងខេត្តអាន់បា។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២