ប្រទេសអ៊ុយក្រែនស្នើសុំជាផ្លូវការចូលជាសមាជិកសហភាពអឺរ៉ុប

0

ប្រទេសអ៊ុយក្រែន៖អ្នកនាំពាក្យប្រធានាធិបតីលោក Sergii Nykyforov បាននិយាយថា លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន Volodymyr Zelensky នៅថ្ងៃចន្ទនេះបានចុះហត្ថលេខាស្នើសុំជាផ្លូវការចូលជាសមាជិកសហភាពអ៊ឺរ៉ុប(EU) ដោយសុំឲ្យប្រទេស​អ៊ុយក្រែន​ចូលតាម​នីតិវិធី​ពិសេស​ថ្មី។

នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គមហ្វេសបុក លោក Nykyforov បាននិយាយថា ឯកសារនេះគឺជាឯកសារប្រវត្តិសាស្ត្រសម្រាប់ប្រទេសអ៊ុយក្រែន។ នៅព្រលឹមថ្ងៃចន្ទ លោក Zelensky បានជំរុញឱ្យសភាពអ៊ឺរ៉ុបផ្តល់នូវសមាជិកភាពដល់ប្រទេសអ៊ុយក្រែន ដោយសារតែការវាយលុករបស់ប្រទេសរុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន។

សភាអ៊ុយក្រែនបានអនុម័តសេចក្តីព្រាងច្បាប់ដំបូងស្តីពីការបញ្ចូលគោលដៅរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូ និងសហភាពអ៊ឺរ៉ុបក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៩។

គួររំលឹកផងដែរថា នៅឆ្នាំ២០១៤ នៅពេលដែលអាជ្ញាធរនិយមលោកខាងលិចបានកាន់កាប់អំណាចនៅក្នុងប្រទេសអ៊ុយក្រែន ទីក្រុងគៀវបោះបង់គោលនយោបាយពហុភាគីរបស់ខ្លួន ហើយកំណត់ទិសដៅឆ្ពោះទៅរកសមាហរណកម្មអ៊ឺរ៉ុប។ លើសពីនេះទៅទៀត សភាបានដកហូតឋានៈមិនចូលបក្សសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនដើម្បីត្រួសត្រាយផ្លូវសម្រាប់សមាជិកភាពរបស់ខ្លួននៅក្នុងបក្សនយោបាយយោធា។

ចាប់តាំងពីពេលនោះមក ប្រទេសអ៊ុយក្រែនបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និងបង្កើនអន្តរកម្មជាមួយអង្គការណាតូ ប៉ុន្តែ​អង្គការ​ទាំង​ពីរ​មិន​បាន​សន្យា​ចំពោះ​អនាគត​សមាជិកភាព​របស់ទី​ក្រុង​គៀវ​ភ្លាមៗនោះ​ទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here