កម្លាំងតួកគីសម្លាប់សមាជិក PKK ១នាក់ និងសមាជិក YPG ៤នាក់

0

ប្រទេសតួកគី៖ មន្ត្រីក្រសួងការពារជាតិតួកគីនិយាយនៅថ្ងៃចន្ទថា កម្លាំងសន្តិសុខតួកគីសម្លាប់សមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ៤នាក់ នៅភាគខាងជើងប្រទេសស៊ីរី។

មន្ត្រីក្រសួងបានផុសនៅលើបណ្តាញសង្គមធ្វីតធ័រមានខ្លឹមសារថា សមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរីគឺមានស្ថានភាពជ្រុលនិយម ក្រោយពីពួកគេបានបើកការបាញ់ប្រហារ និងបានប៉ុនប៉ងជ្រៀតចូលទៅក្នុងតំបន់ Operation Peace Spring របស់ប្រទេសតួកគីនៅភាគខាងជើងប្រទេសស៊ីរី។

នៅក្នុងសារដដែលរបស់មន្ត្រីសួងលើបណ្តាញសង្គមធ្វីតធ័រមានបន្ថែមខ្លឹមសារថា យ៉ាងណាមិញ កម្លាំងតួកគីបានបើកការវាយប្រហារតាមអាកាសសម្លាប់សមាជិក
បក្សពលករឃឺដ (PKK) ជ្រុលនិយម១នាក់ នៅក្នុងប្រតិបត្តិការ Operation Claw Tigerនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “ជ្រុលនិយម” ដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលត្រូវបានសម្លាប់ រងរបួស​ និងត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់ពួកគេ។

គួររំលឹកផងដែរថា កម្លាំងតួកគីបានបន្តប្រតិបត្តិការវាយលុកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់នៅរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នៅខែមិថុនាឆ្នាំមុននេះ កម្លាំងតួកគីបានបើកប្រតិបត្តិការ​ថ្មីមួយលើដីដែលមានឈ្មោះថា “Operation Claw Tiger” ដោយបានកំណត់គោលដៅលើទីតាំងរបស់សមាជិកគណបក្សពលករឃឺដនៅក្នុងខេត្តស៊ីនចា ខេត្តការ៉ាកាក ខេត្តហ្សាប ខេត្តអាវ៉ាស៊ីនបេសយ៉ាន និងខេត្តហាគុក។ ចំណែកឯ សមាជិកគណបក្សពលករឃឺដបានប្រើប្រាស់ភ្នំឃ្វានឌីរបស់ប្រទេសអ៊ីរ៉ាក់ជាមូលដ្ឋានសំខាន់របស់ពួកគេនៅរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

រីឯ កម្លាំងតួកគី និងសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី ជាញឹកញាប់បានបាញ់គ្នា ទៅវិញទៅមកនៅលើព្រំដែនប្រទេសស៊ីរី ហើយភាពតានតឹងក៏បានកើនឡើងក្នុងតំបន់ចាប់តាំងពី​ដើមខែមករាមក ក្រោយពីមានការសម្លាប់ទាហានតួកគី ៣នាក់។

គួរបញ្ជាក់បន្ថែមផងដែរថា ទីក្រុងអង់ការ៉ា បានចាត់ទុកសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ជាសាខារបស់បក្សពលករឃឺដ (PKK)។ ខណៈដែលបក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវករ​ដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ ហើយថែមទាំងបានសម្លាប់​មនុស្សច្រើន​ជាង៤០ ០០០នាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here