មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារនេះថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៦នាក់ស្ថិតនៅក្នុងខេត្តផ្សេងៗគ្នា។
ឧត្តមសេនីយ យេហៀ រ៉ាសូល (Yehia Rasool) អ្នកនាំពាក្យរបស់អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកជីហាដត្រូវបានចាប់ខ្លួនដោយកងកម្លាំងប្រឆាំងភេរវកម្ម។
លោកបានចង្អុលបង្ហាញថា ២នាក់ត្រូវចាប់ខ្លួននៅក្នុងរដ្ឋធានីបាដាដ ២នាក់ទៀតនៅខេត្ត Salahaddin និងម្នាក់ទៀតចាប់ខ្លួននៅក្នុងខេត្តអាន់បា (Anbar) ។
អ្នកនាំពាក្យបានបន្ថែមថា នៅក្នុងការសម្របសម្រួលជាមួយនាយកប្រឆាំងភេរវកម្មនៅទីក្រុងអឺប៊ីល (Erbil) កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ខ្លួនសមាជិកក្រុមរដ្ឋអ៊ីស្លាមម្នាក់ទៀតនៅក្នុងរដ្ឋធានីឃឺដ។
លោករ៉ាសូលបានប្រាប់នៅពេលនោះថាកងកម្លាំងប្រឆាំងភេរវកម្មដែលគាំទ្រដោយយន្តហោះចម្បាំងអ៊ីរ៉ាក់ បានវាយឆ្មក់លើទីតាំងលាក់ខ្លួនរបស់រដ្ឋអ៊ីស្លាមចំនួនពីរកន្លែងក្នុងតំបន់កូសកាយ៉ា (Qoshkaya) នៃស្រុកអាល់-ឌីប (al-Dibs) ខេត្តកឺកុក។
ភេរវករទាំងនេះមានឈ្មោះហៅក្រៅថា អាប៊ូ អាល់-ហ្សូបារ (Abu Al-Zubayr) រីម៉ា (Rimah) អាប់ឌុលរ៉ាម៉ាន់ (Abdul Rahman) អាប៊ូខាតាប (Abu Khattab) និង អាប៊ូ ជូណាអ៊ីដ (Abu Junaid)។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២ ខែមីនា ឆ្នាំ២០២២