ធនាគារពិភពលោកត្រៀមថវិកាប្រមាណជា៣ពាន់លានដុល្លារសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន

0

ធនាគារពិភពលោក និងបណ្តាមូលនិធិរូបិយវត្ថុអន្តរជាតិកំពុងត្រៀមរៀបចំជំនួយហិរញ្ញប្បទានសម្រាប់ប្រទេសអ៊ុយក្រែន ដែលប្រទេសមួយនេះ កំពុងតែស្ថិតនៅក្នុងភ្លើងសង្រ្គាមដែលបង្កដោយប្រទេសរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រធានរបស់ភ្នាក់ងារធនាគារពិភពលោក និងបណ្តាមូលនិធិរូបិយវត្ថុអន្តរជាតិទាំងពីររូបបាននិយាយថា ពួកគេពិតជាមានការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលអាចនឹងកើតមានឡើងដោយសារតែការឈ្លានពានរបស់ប្រទេសរុស្ស៊ី។

ពួកគេថែ​មទាំងបានលើកឡើងពីការកើនឡើងនៃតម្លៃទំនិញ ផលប៉ះពាល់ទៅដល់ទីផ្សារហិរញ្ញវត្ថុ និងហានិភ័យនៃការកើនឡើងតម្លៃប្រេងសាំងនៅទូទាំងពិភពលោកផងដែរ។

ធនាគារពិភពលោកបាននិយាយថា ធនាគារនឹងសន្យាផ្តល់ប្រាក់ជំនួយប្រមាណជាជាង ៣ ពាន់លានដុល្លារ (£2.3bn) នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះទៅឱ្យប្រទេសអ៊ុយក្រែន ដោយប្រទេសអ៊ុយក្រែននឹងទទួលបានទឹកប្រាក់ជំនួយយ៉ាងហោចណាស់ 350លានដុល្លារនៅសប្តាហ៍ក្រោយ។

ទន្ទឹមនឹងនេះ IMF ដែលជាមូលនិធិរូបិយវត្ថុអន្តរជាតិក៏កំពុងតែគិតពិចារណាយ៉ាងឆាប់រហ័ស ទៅលើសំណើរសុំហិរញ្ញប្បទានបន្ទាន់របស់ប្រទេសអ៊ុយក្រែនផងដែរ ដោយ IMF សង្ឃឹមថា ពួកគេអាចនឹងរកបានទឹកប្រាក់ប្រមាណជាជាង 2.2ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ផ្តល់ជំនួយមូលនិធិសម្រាប់ប្រទេសអ៊ុយក្រែនឲ្យបាននៅខែមិថុនាខាងមុខនេះ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព÷BBC

LEAVE A REPLY

Please enter your comment!
Please enter your name here