របាយការណ៍បានបង្ហាញថា ការផ្ទុះគ្រាប់បែកកាលពីថ្ងៃអង្គារនេះបានធ្វើឱ្យកុមារអ៊ីរ៉ាក់២នាក់ ស្លាប់ស្ថិតនៅក្នុងខេត្តសាឡាហាឌីន (Salahaddin)។
ហេតុការណ៍នេះត្រូវបានគេរាយការណ៍ថាបានកើតឡើងស្ថិតនៅក្នុងស្រុកអាល់-ស៊ីរកាត (al-Shirqat) ខេត្តសាឡាហាឌីន ដោយសារគ្រាប់ផ្ទុះនៅសេសសល់ពីសង្រ្គាម នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ាក់។
អង្គការយូនីសេហ្វ (UNICEF) បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីម្សិលមិញថាកុមារចំនួន១៦នាក់ត្រូវបានសម្លាប់ដោយសំណល់ជាតិផ្ទុះនៃសង្រ្គាមស្ថិតនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសអ៊ីរ៉ាក់ក្នុងអំឡុងខែកុម្ភៈកន្លងមក។
របាយការណ៍មួយបាននិយាយថា ខែកុម្ភៈគឺជាខែដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់ក្មេងៗនៅក្នុងប្រទេសអ៊ីរ៉ាក់ដោយកុមារចំនួន៦នាក់ (ក្មេងប្រុសទាំងអស់) បានបាត់បង់ជីវិត ហើយកុមារចំនួន១០នាក់ (ក្មេងប្រុស៩នាក់ ស្រី១នាក់) បានពិការដោយសារសំណល់នៃសង្គ្រាម។
របាយការណ៍ស្រដៀងគ្នានេះដោយអង្គការយូនីសេហ្វបាននិយាយថាកាលពីខែមុនថានៅក្នុងឆ្នាំ២០២១ កុមារអ៊ីរ៉ាក់ចំនួន៥២នាក់ត្រូវបានសម្លាប់ និង៧៣នាក់ផ្សេងទៀតបានពិការដោយសារសំណល់ជាតិផ្ទុះនៃសង្គ្រាម និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២