កងកម្លាំងអ៊ីរ៉ាក់ចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៨នាក់នៅតំបន់ផ្សេងៗគ្នា

0

អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃពុធនេះថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៨នាក់នៅតំបន់ផ្សេងៗគ្នាក្នុងប្រទេស។

ឧត្តមសេនីយ យាហៀ រ៉ាសូល (Yehia Rasool) អ្នកនាំពាក្យរបស់អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមជីហាដ២នាក់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានីបាដាដ។

អ្នកនាំពាក្យរូបនេះក៏បានប្រាប់ឱ្យដឹងទៀតថា ក្រុមបះបោរ៤នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរនៅក្នុងប្រតិបត្តិការដែលបានធ្វើឡើងនៅខេត្តអាន់បា (Anbar) ទីក្រុងហ្វាលូចា (Fallujah) ខេត្តសាឡាហាឌីន Salahaddin ទីក្រុងអាល់-ស៊ីរកាត (al-Shirqat) ខេត្តឌីយ៉ាឡា (Diyala) ទីក្រុងកឺកុក (Kirkuk) និងទីក្រុងហាវីយ៉ា (Hawija)។

លោករ៉ាសូលបានកត់សម្គាល់ថា កងកម្លាំងសន្តិសុខក្នុងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំង អាសាអ៊ីស (Asayish) ស្ថិតនៅក្នុងខេត្តស៊ូឡៃម៉ានីយ៉ា (Sulaimaniya) របស់តំបន់ឃឺដ បានចាប់ខ្លួនសមាជិកក្រុមរដ្ឋអ៊ីស្លាម២នាក់ផ្សេងទៀត។

សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយថាកងកម្លាំងប្រឆាំងភេរវកម្មក្នុងតំបន់ឃឺដនៅមុននេះបន្តិចបានចាប់ខ្លួនសមាជិកសកម្មរដ្ឋអ៊ីស្លាម២នាក់ និងបានឃុំខ្លួនពួកគេនៅក្នុងទីក្រុងអឺប៊ីល (Erbil)។ ភេរវករទាំងពីរនាក់នេះមានឈ្មោះ ហាសាន់ ហ្វាឡា ហ្វាហាន ម៉ាជូល (Hassan Fallah Farhan Majoul) និងម្នាក់ទៀតឈ្មោះ ម័រតាហ្សា ឡាទីហ្វ មូសរីហ្វ ម៉ាជូល (Mortaza Latif Mushrif Majoul) ដែលជាសមាជិកសកម្មរបស់ដេស (Daesh)។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here