ប្រទេសប៉ាគីស្ថាន៖ ទាហានប៉ាគីស្ថាននិយាយនៅយប់ថ្ងៃចន្ទថា ក្រុមភេរវករ ៤នាក់ និងទាហាន ២នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងក្រុមភេរវករនៅភាគពាយ័ព្យខេត្តខាយប័រផាកថុនវ៉ា ប្រទេសប៉ាគីស្ថាន។
ក្រុមការងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា ក្រុមភេរវករបានបាញ់ប្រហារលើកម្លាំងសន្តិសុខនៅថ្ងៃចន្ទក្នុងស្រុកបាជួរ។នៅក្នុងសេចក្តីថ្លែងការណ៍នោះមានខ្លឹមសារថា៖
“កងទ័ពបានឆ្លើយតបភ្លាមៗ និងចូលរួមយ៉ាងមានប្រសិទ្ធភាពលើទីតាំងរបស់ភេរវករ ជាលទ្ធផលសមាជិកក្រុមភេរវករ ៤នាក់ និងទាហាន ២នាក់ស្លាប់ ក្នុងអំឡុងពេលមានការផ្ទុះអាវុធយ៉ាងខ្លាំង” ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលមានបន្ថែមខ្លឹមសារថា ការបាញ់ប្រហាររបស់ក្រុមភេរវករថែមទាំងបានសម្លាប់ជនស៊ីវិល ៣នាក់ផងដែរ។
ចុងក្រោយ ក្រុមការងារ ISPR ក៏បានបន្ថែមឲ្យដឹងផងដែរថា អាវុធ និងគ្រាប់រំសេវ ត្រូវបានរឹបអូសមកវិញពីក្រុមភេរវក។ លើសពីនេះ ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់មានការជាប់ពាក់ព័ន្ធយ៉ាងសកម្មនៅក្នុងការវាយប្រហារភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២