ប្រមុខដឹកនាំអង្គការសហប្រជាជាតិថ្កោលទោសក្រុមឧទ្ទាមហ៊ូទីចំពោះការវាយប្រហារនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត

0

អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃចន្ទទី២១ ខែមីនានេះថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញូ ហ្គុយតេរេស ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដែលអះអាងដោយក្រុមឧទ្ទាមនាពេលថ្មីៗនេះដែលកំណត់គោលដៅលើជនស៊ីវិលនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

លោក ស្តេផាន ដុចចារិក ប្រធានអ្នកនាំពាក្យរបស់លោក ហ្គុយតេរេស មានប្រសាសន៍ថា៖ “សកម្មភាព ទាំងនេះបំផ្លាញការរំពឹងទុកដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយថែមទាំងមានផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលកំពុងបន្តរបស់បេសកជនពិសេសរបស់យើងគឺលោក

 ហាន ក្រាន់បឺក។ ច្បាប់មនុស្សធម៌អន្តរជាតិហាមឃាត់ការវាយប្រហារផ្សេងៗលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

លោក ស្តេផាន ដុចចារិក បន្ថែមទៀតថា៖ យើងអំពាវនាវដល់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងជៀសវាងមិនឲ្យមានជម្លោះកើនឡើងបន្ថែមទៀត។ យើងសូមជំរុញដល់ភាគីទាំងអស់ចូលរួមដោយស្ថាបនា និងដោយគ្មានលក្ខខណ្ឌជាមុនជាមួយលោក ក្រាន់បឺក។   

បេសកជនពិសេសមានគោលបំណងជំរុញកិច្ចពិភាក្សាឱ្យឈានទៅដល់ការចរចារដ៏ទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេសយេម៉ែន។

គួររំលឹកផងដែរថា នៅថ្ងៃអាទិត្យក្រុមឧទ្ទាមហ៊ូទីបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើរោងចក្រប្រេង Saudi Aramco នៅក្នុងទីក្រុងចេដាស់ និងរោងចក្រថាមពលផ្សេងទៀតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះជាលើកទី២ហើយដែលមានការវាយប្រហារ ដោយមីស៊ីលឆ្លងដែនបែបនេះប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលមិនដល់២៤ម៉ោងផង។

ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីនៅថ្ងៃអាទិត្យធ្វើឡើងប៉ុន្មាន​ថ្ងៃបន្ទាប់ពីពួកគេ​និយាយថា ត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាសន្តិភាព ខណៈដែលការប៉ុនប៉ងជាច្រើនលើកដើម្បីឱ្យក្រុមឧទ្ទាមចូលរួមក្នុងកិច្ចពិភាក្សាបែបនេះធ្លាប់បរាជ័យរួចមកហើយ។

អ្នកនាំពាក្យក៏បានបន្ថែមឲ្យដឹងទៀតថា លោក ក្រាន់បឺក ស្ថិតក្នុងទីក្រុងម៉ាស់ខេត ទីក្រុងអូម៉េន នៅថ្ងៃអាទិត្យ ជួបប្រជុំជួបជាមួយប្រធានអ្នកចរចាក្រុមឧទ្ទាមហ៊ូទីលោក ម៉ូហាមិដ អាប់ដុលសាឡាម។

លោក ស្តេផាន ដុចចារិក ក៏បានបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា ពួកគេបានពិភាក្សាគ្នាអំពីការពិគ្រោះយោបល់របស់អង្គការសហប្រជាជាតិដែលកំពុងបន្ត និងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងប្រទេសយ៉េម៉ែន រួមទាំងបទ​ឈប់​បាញ់​ដែល​អាច​កើត​មាន​ក្នុង​អំឡុង​ពេលប្រារព្ធពីធី​បុណ្យ​រ៉ាម៉ាដាននៅ​ខាង​មុខនេះ។ ចំណែកឯលោក ក្រាន់បឺក នៅតែបន្តកិច្ចពិភាក្សាជាមួយភាគីជម្លោះទាំងសងខាង។

កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ ត្រូវបានបង្ខំឲ្យចាកចេញ​ពី​កៅអី​របស់ខ្លួននៅ​ក្នុងទី​ក្រុងសាណាដោយ​ក្រុមឧទ្ទាមហ៊ូទី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here