មនុស្ស ៣៤នាក់ស្លាប់ក្នុងការវាយប្រហារដោយក្មាន់កាំភ្លើង

0

ប្រទេសនីហ្សេរីយ៉ា៖ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ៣៤នាក់ត្រូវបានសម្លាប់បន្ទាប់ពីមានការវាយប្រហារដោយក្មាន់ភ្លើង ដែលបានឈ្លានពានលើភូមិចំនួន ៤នៅរដ្ឋកាឌូណាភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអាទិត្យ។

មនុស្ស ៧នាក់រងរបួស ខណៈដែលផ្ទះប្រមាណជាជាង ២០០ខ្នង និងហាងទំនិញចំនួន៣២ហាងត្រូវដុតបំផ្លាញក្នុងអំឡុងពេលវាយប្រហារនៅយប់ថ្ងៃអាទិត្យលើភូមិសនជេ ភូមិអាក់បាន ភូមិកាតានហ្គា និងភូមិកាដាកូ នៅតំបន់រដ្ឋាភិបាលគួរ៉ាក្នុងទីក្រុងកាឌូណា នេះបើយោងតាមប្រសាសន៍របស់លោក សាមូល អារ៉ូវ៉ាន ស្នងការរដ្ឋទទួលបន្ទុកសន្តិសុខផ្ទៃក្នុង និងមហាផ្ទៃ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកាឌូណា។

លោក អារ៉ូវ៉ាន មានប្រសាសន៍ថារថយន្ត ​៣​គ្រឿង និង​ម៉ូតូ​ ១៧​គ្រឿង ត្រូវបានបំផ្លិចបំផ្លាញដោយក្មាន់កាំភ្លើងដែលមូលហេតុនៃការវាយប្រហារគេមិនទាន់ដឹងនៅឡើយទេ។

មន្ត្រីក្នុងតំបន់និយាយថា បម្រាមគោចររយៈពេល ២៤ម៉ោងត្រូវបានដាក់លើតំបន់រដ្ឋាភិបាល បន្ទាប់ពីមានការវាយប្រហារនេះ ដោយបន្ថែមបម្រាមគោចរនឹងនៅតែជាធរមាន ហើយមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យការបំបែកច្បាប់ និងសណ្តាប់ធ្នាប់បន្ថែមទៀតនៅក្នុងភូមិដែលរងផលប៉ះពាល់។

គួរបញ្ជាក់ផងដែរថា ការវាយប្រហារប្រដាប់អាវុធបានក្លាយជាការគំរាមកំហែងសន្តិសុខដម្បង នៅក្នុងតំបន់ភាគខាងជើង និងតំបន់កណ្តាលរបស់ប្រទេសនីហ្សេរីយ៉ា ដែលនាំឲ្យមានការស្លាប់ និងចាប់ជំរិតជាច្រើននៅរយៈពេលប៉ុន្មានខែថ្មីៗនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here